លោក Mark Zuckerberg ដែលគ្រប់គ្នាស្គាល់ថា ជានាយកប្រតិបត្តិ ដ៏ជោគជ័យយ៉ាងធំធេង វ័យ៣២ឆ្នាំម្នាក់ តាមរយៈការបង្កើតបណ្តាញសង្គមយក្ស Facebook និងសេវាកម្មកម្សាន្តជាច្រើនទៀត។ ហើយអ្វីដែលអស្ចារ្យ នៅពីក្រោយអតីតកាល របស់បុរសសញ្ជាតិអាមេរិករូបនេះគឺ ១.អំឡុងសិក្សានៅវិទ្យាល័យ លោកក៏ជាអ្នកចូលរួមបង្កើតកម្មវិធីក្បាលចាក់ MP3 ឲ្យឈ្មោះ Synapse Media Player រហូតត្រូវបានក្រុមហ៊ុន Microsoft សម្លឹងចង់ទិញយកអាជីវកម្មតូចនោះ រួមទាំងស្ថាបនិកទាំងមូលឲ្យមកបម្រើការរួមគ្នា ប៉ុន្តែគ្រប់យ៉ាងមិនអាចទៅរួច រហូត Mark ក៏ដាក់ចិត្តបន្តការសិក្សានៅមហាវិទ្យាល័យ។

២.កាលពីនៅវ័យ១២ឆ្នាំ Zuckerberg បានបង្កើតចេញនូវកម្មវិធីផ្ញើសាររហ័សមួយឲ្យឈ្មោះ ZuckNet ជាភាពងាយស្រួលសម្រាប់ឪពុកលោក ដែលបម្រើការជាពេទ្យធ្មេញ អាចដឹងបានរហ័សពេលមានអតិថិជនមកដល់។ ៣.ការដែលស្លាកយីហោ Facebook មានពណ៌ខៀវ ក៏ដោយសារ Zuckerberg ជួបបញ្ហាមើលមិនឃើញច្បាស់ ជាមួយពណ៌ក្រហមនិងបៃតង។

៤.ក្រៅពីភាសាអង់គ្លេស Mark ក៏អាចប្រើប្រាស់ភាសាឡាតាំង រហូតសូម្បីភាសាចិនកុកងឺថែមទៀតផង។ ៥.ក្រុមហ៊ុនជាច្រើនដូចជា NewsCorp, MySpace, Viacom, Yahoo, NBC, Microsoft និង Google សុទ្ធសឹងតែធ្លាប់ទម្លាក់សំណើចង់បានអាជីវកម្មរបស់ Zuckerberg។ ៦.Mark បានជួយអ្នកស្រី Priscilla Chan ដែលជាភរិយាលើកដំបូង នៅពេលឈរចាំចូលបន្ទប់ទឹក ក្នុងកម្មវិធីជប់លៀងមួយ នៅសកលវិទ្យាល័យ Harvard។

៧.ក្នុងឆ្នាំ២០០៩ លោកបានបង្ហោះ Twitter បានត្រឹម៩លើកគត់ ព្រោះ Mark មិនសូវលេង Twitter ទេ។ ៨.អាវយឺតប្រចាំត្រកូលរបស់ Mark ដែលលោកនិយមប្រើប្រាស់ ផលិតដោយក្រុមហ៊ុន Brunello Cucinelli របស់អ៊ីតាលី ដោយមួយតម្លៃប្រហែល ៣០០ ទៅ ៤០០ ដុល្លារ។ ទាំងអស់នេះ សុទ្ធសឹងតែជារឿងរ៉ាវពិតរបស់ មហាសេដ្ឋីវ័យក្មេងរូបនេះ ដែលអ្នកគាំទ្រជាច្រើន នៅមិនទាន់បានដឹង ៕
