បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីដ៏ភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យស្រ្តីវ័យកណ្តាលម្នាក់ បានរត់ចេញពីរថយន្តហាយឡេនឌ័រមួយគ្រឿង ដោយមានឈាមស្រោចពេញខ្លួន ព្រមទាំងស្រែកឲ្យគេជួយទៀតផង។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះស្ថិតនៅចំណុចដីវាលមួយកន្លែង ក្បែរអាងអម្រឹត អូរខៃដន ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ(ព្រះសង្ឃ) បានប្រាប់ឲ្យដឹងថា ព្រះអង្គមានព្រះនាម ទន់ សាវន មានព្រះជន្ម ៥២ព្រះវស្សា គង់នៅវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ស្ថិតនៅកណ្តាល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ(ព្រះអង្គ) បានស្គាល់និងបង្កាត់ភ្លើងស្នេហ៍ជាមួយស្ត្រីរងគ្រោះឈ្មោះ សេង ផល្លា អាយុ៤៦ឆ្នាំ ជាអាជីវករវេរលុយវីង នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត តាំងពីព្រះអង្គគង់នៅក្នុងវត្តផ្សារកណ្តាលមកម្ល៉េះ ដោយកាលនោះ ស្ត្រីរងគ្រោះសុំឲ្យព្រះអង្គសឹក និងយកគ្នាជាប្តីប្រពន្ធ ដោយសុំពេលរយៈពេលពីរទៅបីឆ្នាំ តែមិនបានដូចបំណង ក៏ឲ្យព្រះសង្ឃរូបនោះ បួសធ្វើជាសង្ឃវិញ។

ជនសង្ស័យបានប្រាប់ទៀតថា មូលហេតុដែលឈានដល់ការយកដែកឆាបចាក់លើបំពង់.ក ស្ត្រីជាស្រីស្នេហ៍ គឺអ្នកទាំងពីរព្រមស្លាប់ជាមួយគ្នា ក្នុងគ្រានោះ ។ បន្ទាប់ពីទទួលបានចម្លើយសារភាព ធម្មការស្រុក បានសម្រេចចាប់ផ្សឹក និងប្រគល់ជនដៃដល់ឲ្យទៅសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី ចំណែកស្ត្រីរងគ្រោះកំពុងបន្តព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ៕

ដោយ៖ ភារ៉ា