ខេត្តកណ្តាលៈ កាលពីវេលាម៉ោង១ៈ៣០នាទីរសៀល ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ផ្ទះឈើមួយខ្នង មានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ សង់អំពីឈើ ថ្មក្រោម ដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះឈ្មោះ អ៊ូ ហ៊ី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ចំណុចកើតហេតុខាងលើ។ ត្រូវអគ្គីភ័យលេបត្របាក់ខូចខាតស្ទើរទាំងស្រុងបង្កការភ្ញាក់ផ្អើល ព្រោះតែលោកកូនជើងល្អដុតកម្ទេចចោល។

នៅមុនពេលកើតហេតុ កូនប្រុសម្ចាស់ផ្ទះឈ្មោះ អ៊ូ សំអឿន អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅជាមួយឪពុកខាងលើ ទំនងជាទើបមកពីប្រើប្រាស់គ្រឿងញៀនជ្រុល ចូលដល់ក្នុងផ្ទះអុកឡុកក្រុមគ្រួសារនិងម្តាយ រួចថែមទាំងវាយបំបែកចានឆ្នាំង និងកេះដែកកេះដុតផ្ទះរបស់ឪពុកខ្លួនឯងឆេះម៉ត់តែម្តង។ ខណៈដែលមានអគ្គិភ័យនេះកើត ឡើង ប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅទីនោះបានចាប់ខ្លួនកូនអប្រិយរូបនេះ យកទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ប៉ុន្តែជនសង្ស័យមិនសារភាព ក្នុងអំពើដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឲ្យឆេះទ្រព្យក្នុងរាប់ម៉ឺនរាប់ពាន់ដុល្លារនោះទេ។

កម្លាំងនគរបាលក្រុងតាខ្មៅ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ភ្លាមនោះកម្លាំងនគរបាលបានធ្វើការអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំនួន៦គ្រឿង ទើបរលត់អស់ជាស្ថាពរនៅម៉ោង២ៈ៥០នាទីរសៀលថ្ងៃដដែល ៕
