អនុវិទ្យាល័យអណ្ដូងពោធិ៍ ស្រុករមាសហែក ឃើញហើយចង់ស្រកទឹកភ្នែក គ្រូ និងសិស្សបានធ្វើការស្នើសុំអគារថ្មីមួយខ្នងពីអាជ្ញាធរខេត្ត ដោយសារសិស្សមានការកើនឡើងខ្លាំង..!
-


ការស្នើរសុំអគារសិក្សាមួយខ្នងរបស់សិស្សានុសិស្ស ក៏ដូចជា លោកគ្រូ អ្នកគ្រូ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងពោធិ៍ ស្ថិតក្នុងភូមិត្រពាំងបុស្ស ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។

(ស្វាយរៀង)៖ សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូ នៃអនុវិទ្យាល័យអណ្ដូងពោធិ៍ បានត្អូញត្អែរ ខណៈដែលថ្នាក់រៀនមួយខ្នង ជារោងដោលសង់អំពីឈើប្រកកៅស៊ូហើយចាស់រហែកទ្រុឌទ្រោមពិបាក ក្នុងការសិក្សាពេលមានភ្លៀងខ្យល់ ព្រមទាំងមានការខ្វះអគារសិក្សា ទើបស្នើសុំអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ជួយផ្តល់អគារមួយខ្នង ដែលមាន៦បន្ទប់បន្ថែមទៀត បន្ទាប់ពីអនុវិទ្យាល័យមួយនេះ មានតែមួយអគារប៉ុណ្ណោះ។

លោក ព្រំ សុផល នាយកអនុវិទ្យាល័យអណ្ដូងពោធិ៍ បានរៀបរាប់ប្រាប់ថា អនុវិទ្យាល័យនេះ មានមួយអគារដោយបានកសាងឡើងនៅឆ្នាំ២០០៦ របស់ធនាគារពិភពលោក (ADB) ដោយក្នុងឆ្នាំ២០១៦ ខណៈមានសិស្សានុសិស្សកើនឡើង និងខ្វះថ្នាក់រៀនណាមួយខ្លាចបង្រៀន មិនគ្រប់ម៉ោងរបស់ក្រសួង ទើបខាងលោកជានាយក បានរៃអង្គាសពីសប្បបុរសជនជួយឧបត្ថម្ភជាថវិកា បានធ្វើជារោងដោលមួយខ្នងមានបណ្ដោយ១៤ម៉ែត្រ និងទទឹង៧ម៉ែត្រ សម្រាប់ម៉ោងចល័ត(ជាន់ថ្នាក់គ្នា)។


លោកបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ មានសិស្សានុសិស្សសរុប២៦២នាក់ ស្រី១៤២នាក់ និងកូននេន៣អង្គ ដោយម៉ោងសិក្សាគឺពេញមួយថ្ងៃព្រឹកនិងរសៀលផងដែរ។

អ្នកគ្រូ គឹម ម៉ារ៉ា អាយុ៣៥ឆ្នាំ ដែលបង្រៀននៅអនុវិទ្យាល័យមួយនេះ បានបន្ថែមថា រោងទោលនេះបានកសាង៣ឆ្នាំមកហើយ ដោយពីមុនសិស្សានុសិស្ស បានសិក្សាក្រោមឈើដំបូលប្រក់ស្លឹកត្នោត ប៉ុន្តែដោយវាចាស់ពុកផុយទើបបច្ចុប្បន្នលោកគ្រូ អ្នកគ្រូ បាននាំគ្នាទិញតង់ប្រក់ជំនួសស្លឹកត្នោតវិញ។


យុវជន សោម សុវណ្ណណាត អាយុ១៣ឆ្នាំ ដែលសិក្សាថ្នាក់ទី៨ រស់នៅភូមិរោងស្នោរ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ក៏បានធ្វើការត្អូញត្អែរថា ដោយមានការខ្វះថ្នាក់រៀន ទើបលោកគ្រូអ្នកគ្រូឲ្យកូនសិស្សរបស់ខ្លួន ចូលក្នុងរោងដោលម៉ោងចល័តមួយនេះ ហើយនៅពេលមានភ្លៀងខ្យល់ម្ដងៗ ទឹកសាចពេញតុកៅអី គឺពិបាកសិក្សាណាស់ព្រោះរោងដោលនេះ មានសភាពពុកផុយឈើ និងរបកកៅស៊ូអាចមានគ្រោះថ្នាក់ជាយថហេតុណាមួយផងដែរ។

នាយកលោកគ្រូ អ្នកគ្រូ បានអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ក្រសួងអប់រំ មេត្តាជួយសាងសង់អគាសិក្សាមួយខ្នង មាន៦បន្ទប់ ដើម្បីជួយសម្រួលក្នុងការសិក្សារបស់សិស្សានុសិស្សផងដែរ៕