សៀមរាបៈ លោក វណ្ណ ផាណ្ណា អ្នកមើលការខុសត្រូវ និងជាអ្នកស្ថាបនា និងអភិវឌ្ឍន៍វត្ដរាជបូណ៌ បានឲ្យដឹងថា ចាប៉ីដងវែងប្រវែង៦ម៉ែត្រ ដែលច្នៃចេញពីដបទឹកសុទ្ធ ចំនួន៦ពាន់ដប និងទុយោ១៦០០០ដើម។ ដែលច្នៃឡើងដោយអង្គការមួយឈ្មោះថា អង្គការសិល្បៈខ្មែរអមតៈ នៅក្រុងសៀមរាប។ នឹងត្រូវយកទៅដាក់តាំង នៅមហោស្រពចាប៉ីដងវែង ក្នុងបរិវេណវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីលើកស្ទួយ ដល់សិល្បៈចាប៉ី ដែលប្រឈមនឹងការបាត់បង់។

ក្នុងគោលបំណងបង្ហាញដល់ពលរដ្ឋខ្មែរ ឲ្យចេះរក្សាទុកដាក់ និងបោះចោលសំរាម ឲ្យមានរបៀបនិងត្រឹមត្រូវ ដើម្បីកុំឲ្យកាកសំណល់ មានផលប៉ះពាល់ ដល់សុខភាពមនុស្ស និងបង្ហាញថាសំរាម ក៏មានអត្ថប្រយោជន៍ផងដែរ។ លោកបានឲ្យដឹងបន្ថែមថា ការច្នៃចាប៉ីដងវែង ចេញពីដបប្លាស្ទិកនេះគឺ ចង់ឲ្យកូនខ្មែរ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ ព្រោះវាបានជះឥទ្ធិពលមិនល្អ ដល់បរិស្ថាន និងធ្វើឲ្យប៉ះពាល់ ដល់ទីក្រុងទេសចរណ៍អង្គរ ៕
