បុរសម្នាក់អំពាវនាវសុំឲ្យបងប្អូនខ្មែរផ្ដល់កម្លាំងចិត្តជូនដល់អ្នកនាង ខ្ញុង
ណារ៉ា
-

បន្ទាប់ពីមានវីដេអូនិយាយទាក់ទងហ្នឹងបញ្ហាស្នាក់នៅនៅកំពង់សោមដោយតារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង ខ្ញុង សង្កេតឃើញថាមានមតិប្រតិកម្មមួយចំនួនពីសំណាក់មហាជនក្នុងបណ្ដាញសង្គម។ ប៉ុន្ដែទន្ទឹមហ្នឹងនេះដែរក៏មានមតិចូលរួមគាំទ្រផងដែរ ជាក់ស្ដែងបងប្រុសគណនេយ្យហ្វេសប៊ុកឈ្មោះ Hun Kosal បានអំពាវនាវដូចខាងក្រោមថា៖  

«សូមបងប្អូនមានស្មារតីជាតិនិយមគ្រប់គ្នា ចូលរួមគាំទ្រ និងផ្តល់ជាបង្អែកផ្នែកស្មារតី លោកស្រី ស្រេង សុកាន់ដា ហៅ(ខ្ញុង)​ ព្រោះសកម្មជននយោបាយដែលគាំទ្រវត្តមានចិន នៅខេត្តព្រះសីហនុ កំពុងវាយប្រហារនាង, ប្រាកដណាស់សកម្មជនទាំងនោះ អាចនឹងប្រើភាសាអសុរោះចំពោះលោកស្រីខ្ញុងមិនខាន។ ចំពោះវាយប្រហារនេះ អាចមានគោលបំណងបំបាក់ស្មារតីនាង និងគម្រាមដល់អ្នកផ្សេងទៀត ដែលនិយាយពីចិន នៅកំពង់សោម។

យើងទាំងអស់គ្នាដឹងច្បាស់ហើយ វត្តមានចិន នៅកំពង់សោម មិនមែនជារឿងរបស់ខ្ញុងតែម្នាក់ទេ ប៉ុន្តែជារឿងរបស់យើងទាំងអស់គ្នា ជារឿងរបស់ពូជសាសន៍ខ្មែរ។ អ្នកដឹកនាំគេអាចមិនខ្វល់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស មិនអាចមិនខ្វល់បានទេ។

យើងនៅស្ងៀម មិនផ្តល់កម្លាំងចិត្តដល់នាងទេ ប្រាកដជានាងបាក់ទឹកចិត្ត និងភ័យខ្លាចមិនខាន ព្រោះអ្នកវាយប្រហារនាង សុទ្ធតែជាសកម្មជនមុតស្រួច។ បំណងមួយទៀត គឺធ្វើឱ្យនាងភ័យខ្លាចខ្លាំង បង្ខំឱ្យនាងចេញវិដេអូក្លីប សូមទោស។ មានអ្នកគាំទ្រនាងច្រើន ប្រាកដជាកម្លាំងចិត្តដល់នាង ព្រោះពួកយើងគ្មានអាវុធទេ ពួកយើងមានតែការឱបក្រសោប និងគាំទ្រគ្នាដោយបេះដូង និងដូងចិត្តប៉ុណ្ណោះ៕»