ផលប៉ះពាល់យ៉ាងខ្លាំង របស់មនុស្សឥឡូវ ដែលយកប្លាស្ទិច និងស្នោរ​ មកឆ្នៃធ្វើជាប្រទីប ដែលជាផងប៉ះពាល់ដល់ត្រីក្នុងទឹកជាខ្លាំង....!
-

ជាការពិតណាស់ពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ ទើបតែបញ្ចប់ទៅថ្មីៗនេះ មានកំរងរូបភាពមួយចំនួនដែល ប្រទីបត្រូវបានកែច្នៃចេញពីប្លាស្ទិច និងស្នោរ​ ដែលជាផងប៉ះពាល់ដល់ទឹកជាខ្លាំង។

ប្រទីប មានន័យថា គោម ឬចង្កៀង យើងគួប្បីធ្វើប្រទីបពីវត្ថុធាតុដើម ឯណាដែលអាចរលួយក្នុងទឹក ហើយក្លាយជាចំនីត្រី ដូចជាដើមចេក ស្លឹកចេក ផ្កាស្រស់ៗ មិនគួរប្រើប្លាស្ទិច ស្នោរទេ ព្រោះវាបណ្តាលឲ្យបំពុលទឹក ដី និងមច្ឆា ហើយអ្នកទទួលវិនាសកម្មធំជាងគេ គឺអំបូលមនុស្ស។

*គួរយល់ដឹង ប្រវត្តិ និងអត្ថន័យ*

ទាក់ទងនឹងប្រវត្តិរបស់ប្រទីបថ្ងៃបុណ្យអុំទូកនេះ លោក ចិន្ត ច័ន្ទរតនា បានយល់ស្របនឹងមតិដែលគេលើកឡើងថា ប្រទីបទាំងនេះមានប្រភពតាំងពីសម័យចក្រភពអង្គរ (៨០២-១៤៣១) មកម្ល៉េះ ពោលគឺក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើបុណ្យអុំទូក ជាលើកដំបូងដើម្បីអបអរសារទរជ័យជម្នះរបស់កងទ័ពជើងទឹករបស់ព្រះអង្គទៅលើកងទ័ពចាម។ លោកបានលើកឡើងទៀតថា គេបណ្តែតប្រទីបគឺដើម្បីរម្លឹកគុណទៅដល់ព្រះម៉ែគង្គារ និងព្រះធរណី។ លោកនិយាយថា៖ «ជីវិតរបស់ប្រជាជនកម្ពុជាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងទឹក និងដី ហើយស្ទើរតែគ្រប់បុណ្យទាំងអស់មានទាក់ទងនឹងព្រះម៉ែគង្គា និងព្រះម៉ែធរណី។ ឯចំណែកការប្រើប្រាស់ភ្លើងនៅលើប្រទីបនេះ គឺប្រហែលជាព្រះមហាក្សត្រចង់ឲ្យប្រជាជនរបស់ព្រះអង្គបានសប្បាយនឹងទស្សនីយភាពដ៏អស្ចារ្យនៅពេលរាត្រីថ្ងៃបុណ្យ»។

ទោះជាយ៉ាងណា លោកបណ្ឌិត មីសែល ត្រាណេ ជាប្រវត្ថិវិទូ និងជាតិពន្ទុវិទូដ៏ល្បីល្បាញរបស់កម្ពុជាបានច្រានចោលការលើកឡើងរបស់លោក ចិន្ត ច័ន្ទរតនា ដោយអះអាងថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ប្រទីបទ្រង់ទ្រាយធំក្នុងពីធីបុណ្យអុំទូកសព្វថ្ងៃនេះ ត្រូវបានគេប្រើតាំងពីសម័យអង្គរ ដូចមនុស្សជាច្រើនលើកឡើងឡើយ។

លោក មីសែល ត្រាណេ បន្ថែមទៀតថា ប្រទីបដើមពិតប្រាកដ ជាកូនកន្ទោង ធ្វើជារាងផ្កាឈូក និងមានដាក់ទៀនដុតបំភ្លឺនៅចំកណ្តាល ដែលប្រជាជនខ្មែរទូទៅចំណាំបណ្តែតនៅតាមទន្លេនៅពេលចេញវស្សា ទើបជាប្រទីបដែលមានកំណើតតាំងពីសម័យអង្គរពិតប្រាកដ បើយោងទៅតាមឯកសារមួយចំនួនរបស់អ្នកស្រាវជ្រាវបរទេស។ លោកបានលើកឡើងទៀតថា គោលបំណងនៃការបណ្តែតប្រទីបនេះវិញ គឺគ្រាន់តែដើម្បីបែរបន់សុំសំណាងល្អ និងសុំឲ្យកសិផលបានទិន្នផលខ្ពស់តែប៉ុណ្ណោះ។ លោកនិយាយថា៖ «បើតាមខ្ញុំវិភាគ ប្រទីបដែលយើងឃើញបណ្តែតពេលអុំទូករាល់ថ្ងៃនេះគឺ ទើបតែមាននៅពេលដែលព្រះរាជាពញ្ញាយ៉ាត ផ្លាស់ទីរាជធានីពីអង្គរ មកចតុមុខ នៅឆ្នាំ ១៤៣១ ប៉ុណ្ណោះ។ ចំណែករឿងប្រទីបតំណាងក្រសួងនេះវិញ គឺកាន់តែថ្មីទៀត គឺប្រហែលជាកើតមាននៅសម័យអាណាព្យាបាលបារាំង នៅពេលដែលបារាំងបានបែងចែករដ្ឋាភិបាលខ្មែរឲ្យទៅជាស្ថាប័នជាច្រើន»។

ជាមួយគ្នានេះដែរ សៀវភៅប្រជុំរឿងព្រេងខ្មែរភាគ ៩ បោះពុម្ភដោយពុទ្ធបណ្ឌិតសភាកម្ពុជា នៅឆ្នាំ ១៩៧៤ បានផ្សារភ្ជាប់ការបណ្តែតប្រទីបជាកូនកន្ទោងនេះទៅនឹងរឿងព្រេងពុទ្ធនិយមមួយ ថ្លែងពីជាតិមួយនៃព្រះពុទ្ធទាំងប្រាំអង្គ។ រឿងនេះថ្លែងថា មានសត្វក្អែកមួយគូមានពងប្រាំ ហើយនៅថ្ងៃមួយខ្យល់ព្យុះបានបក់យកពងទាំងប្រាំនោះទៅបាត់។ ក្អែកទាំងពីរបានយំសោកបោកខ្លួនរហូត ក្ស័យជីវិត ហើយក៏បានកើតជាព្រះឥន្ទ្រ ជាស្តេចនៃពពួកទេវតា។ ឯពងទាំងប្រាំនោះបានញាស់មកជាកូនមនុស្ស ដែលបានតាំងធម៌ក្លាយជាតាបស។ ក្រោយមក ព្រះឥន្ទ្របានមកជួបជាមួយកូនប្រុសទាំង ៥ នោះ ហើយបានត្រាស់បង្គាប់ឲ្យពួកគេដាក់សំណែនបណ្តែតតាមទឹក ដើម្បីឧទ្ទិសមកដល់ខ្លួន។ ទោះបីជារឿងនេះស្តាប់ទៅចម្លែក ក៏ប៉ុន្តែវាបង្ហាញពីទំនាក់ទំនងរវាងការបណ្តែតប្រទីប និងព្រះពុទ្ធសាសនា។ មានឯកសារខ្លះបានសរសេរថា ការបណ្តែតប្រទីបនេះ គឺដើម្បីឧទ្ទិសឲ្យព្រះពុទ្ធជាម្ចាស់តែម្តង។