អ្នកណាក៏លាន់មាត់ដែលពីភាពខុសប្លែកនៃសម្រស់របស់តារាចម្រៀងក្មេងខ្ចី នាងគន្ធា មុននិងក្រោយចូលសិល្បៈ។ នៅពេលប្រឡងកម្មវិធីចម្រៀង Cambodian Idol យុវតីរូបនេះមានរូបសម្រស់មិនសូវទាក់ទាញទេតែគ្រាន់តែឈានជើងចូលផលិតកម្មសាន់ដេភ្លាមសម្រស់នាងបានប្រែប្រួលស្ទើរពេលខ្លះចំណាំមិនបាន។ម្ចាស់បទ”កូនស្រី”សារភាពត្រង់ៗឥតលាក់លៀមថាដោយសារមានការណែនាំពីតារារៀមច្បងគឺលោកអ៊ីណូ។
តាមពិតទៅគន្ធាមិនសូវចេះពីរបៀបតែងខ្លួននោះទេតែស្ទើរគ្រប់យ៉ាងបានម្ចាស់បទ”កុំយំកុំយំអូន”ប្រាប់ជាហូរហែមិនថារឿងស្លៀកពាក់សូម្បីគ្រឿងតែងខ្លួនលេលាបមុខលាបស្បែកក៏លោកអ៊ីណូប្រាប់ដែរ។
ពេលខ្លះទិញឲ្យទៀតក៏មានហើយបើឃើញសម្លៀកបំពាក់ណាស្អាតលោកផ្ញើរូបនោះទុកឲ្យគន្ធាមើលថែមទៀត។លើសពីនេះសូម្បីចេញទៅកម្មវិធីណាក៏តារាចម្រៀងអ៊ីណូជួយប្រាប់ឲ្យហើយមុនថាគួរចាប់ផ្ដើមតែងខ្លួននៅម៉ោងណាដើម្បីឲ្យរៀបចំខ្លួនបានទាន់ម៉ោងមិនទៅយឺតហើយមិនស្អាត។

តារាចម្រៀងមកពីខេត្តបាត់ដំបងបន្តថាពេលទៅណាជាមួយលោកអ៊ីណូមានភាពភាពកក់ក្ដៅខ្លាំងព្រោះលោកតែងជួយមើលការខុសត្រូវនិងយកចិត្តទុកដាក់ប្រៀបដូចឪពុកបង្កើត។សូម្បីពេលចេញច្រៀងនៅក្រៅប្រទេសក៏លោកមិនឲ្យឃ្លាតឆ្ងាយពីក្រសែភ្នែកដែរព្រោះបារម្ភខ្លាចវង្វេងផ្លូវ។ រីឯពេលចុះខេត្តចេញសម្ដែងម្ដងៗក៏អ៊ីណូស្វះស្វែងរកបាយទឹក និងខ្វល់ខ្វាយសុខភាពរបស់នាងដែរ។
និយាយទៅគន្ធាប្រាប់ថាគឺលោកអ៊ីណូ ជួយរៀបចំចាត់ចែងឲ្យមួយចប់តែម្ដង។ ក្រៅពីនេះឱកាសបានច្រៀងនៅសាន់ដេក៏លោកអ៊ីណូជាអ្នកនៅពីក្រោយផងដែរទោះអ្នកទាំងពីរមិនធ្លាប់ស្គាល់គ្នាពីមុនមកក៏ដោយ។
ទោះជាមានការយកចិត្តទុកដាក់លើគ្នាយ៉ាងនេះក្ដីគន្ធាប្រាប់ថាគ្រាន់ជាទំនាក់ទំនងរវាងសិស្សច្បងនិងសិស្សប្អូនប៉ុណ្ណោះ។ម្យ៉ាងលោកអ៊ីណូមានម្ចាស់ចិត្តរួចហើយចំណែករូបនាងក៏ចាត់ទុកលោកអ៊ីណូដូចជាឪពុកផងដែរ៕


