បុរសខ្លាំង ជិះម៉ូតូចុះពីលើស្ពានជ្រោយចង្វារ ទៅប៉ះជាមួយនឹងរថយន្ត ហាយលែនឌ័រមួយគ្រឿង រួចបានចុះពីលើម៉ូតូទៅទះកំភ្លៀងម្ចាស់រថយន្ត ចំនួន២កំផ្លៀង ថែមទាំងរកវៃខ្នោះ និងបោកទូរស័ព្ទជនរងគ្រោះទៀតផង ចុងក្រោយ....!!
-

ភ្នំពេញៈ កាលពីវេលាម៉ោង១១ៈ៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលគួចកាណុង ជិតគោលដៅចរាចរណ៍ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសម្នាក់ជិះម៉ូតូជាមួយប្រពន្ធ ធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វារ បានទៅប៉ះជាមួយនឹងរថយន្តមួយគ្រឿង ម៉ាកហាយលែនឌ័រ រួចបានចុះពីលើម៉ូតូទៅទះកំភ្លៀងម្ចាស់រថយន្ត ចំនួន២កំផ្លៀង និងរកវ៉ៃខ្នោះគេថែមទៀត។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តមួយគ្រឿង ម៉ាក ហាយលែនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A-5458 ធ្វើដំណើរក្នុងទិសដៅស្របគ្នាជាមួយម៉ូតូជនបង្ក ដោយមិនចាំម៉ាក ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តនិងម៉ូតូក៏បានប៉ះគ្នា រួចមកក៏បានឈ្លោះទាស់ទែងសំដីគ្នាយ៉ាងខ្លាំង ធ្វើឲ្យភាគីជាម្ចាស់ម៉ូតូ បានដើរមកទះទៅលើម្ចាស់រថយន្តចំនួន២កំផ្លៀង ថែមទាំងរកវៃខ្នោះ និងបោកទូរស័ព្ទជនរងគ្រោះឲ្យខូចខាតទៀតផង។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចដែលឈរប្រចាំការ នៅគោលដៅចរាចរណ៍ខាងលើ បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក ដើម្បីចុះមកយកជនបង្ក និងជនរងគ្រោះយកទៅប៉ុស្តិ៍ ធ្វើការសួរនាំរកដំណោះស្រាយ។ បន្ទាប់ពីសមត្ថកិច្ចបានសួរនាំ និងសម្របសម្រួលរួចមកភាគីទាំងសងខាងព្រមបញ្ចប់រឿង ដោយសារភាគីជនបង្កព្រមសងថ្លៃខូចខាត ចំនួន២៥០ដុល្លារ ទៅឲ្យជនរងគ្រោះ និងព្រមសំពះសុំទោសជនរងគ្រោះ ដើម្បីបញ្ចប់រឿង។ ទោះបី យ៉ាងណា សមត្ថកិច្ច មិនបានបញ្ជាក់អត្តសញ្ញាណជនបង្ក និងជនរងគ្រោះនោះទេ ដោយសាររឿងនេះបានបញ្ចប់ហើយ ៕