រថយន្ត២គ្រឿងស្លាកលេខដូចគ្នា ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១
-

ភ្នំពេញ៖ បុរសម្នាក់ដែលបានបាត់ស្លាកលេខរថយន្តអស់ជាច្រើនខែ ស្រាប់តែប្រទះឃើញជាប់នឹងរថយន្តមួយគ្រឿងផ្សេងទៀតដែលគេចតទុក នៅម្តុំលក់រថយន្តក្បែរវត្តភ្នំ។


ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចសួនច្បារវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។


បើតាមសម្ដីបុរសម្នាក់ដែលបានអះអាងថាខ្លួនជាម្ចាស់ស្លាកលេខរថយន្តនោះ បានប្រាប់អោយដឹងថា គាត់បានធ្វើដំណើរតាមផ្លូវ ហើយក៏បានប្រទះឃើញស្លាកលេខរថយន្តរបស់គាត់ ដែលបានបាត់អស់រយះពេលជាង២ឆ្នាំមកហើយ ស្រាប់តែពេលនេះឃើញគេយកទៅពាក់លើរថយន្តមួយគ្រឿងដែលគេចតទុកចោលនៅក្បែរវត្តភ្នំទៅវិញ។


បុរសខាងលើបានប្រាប់ឱ្យដឹងទៀតថា ស្លាកលេខរថយន្តដែលបុរសជាម្ចាស់ប្រទះឃើញនេះ គឺមានលេខភ្នំពេញ2H-0621 បាត់តាំង២ឆ្នាំមុននៅម្តុំស្ទឹងមានជ័យ។ លុះដល់ព្រឹកនេះ ក៏ស្រាប់តែបានប្រទះឃើញស្លាកលេខរថយន្តរបស់គាត់ដែលបាត់នោះ ត្រូវបានគេយកទៅដាក់ជាប់នឹងរថយន្តម៉ាក CORONA ព៌ណទឹកប្រាក់មួយគ្រឿងទៀតដែលចតទុកចោលនៅលើផ្លូវក្បែរសួនច្បារវត្តភ្នំ ហើយគាត់ក៏បានរាយការណ៍ទៅ ប្តឹងកម្លាំងមានសម្ថកិច្ចទាំងខណ្ឌដូនពេញ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមាន១ អោយជួយឃាត់ទុកតែម្តង។


ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះទៅធ្វើអន្តរាគមន៍ឃាត់រថយន្តនៅនឹងកន្លែងកើតហេតុរង់ចាំសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ហើយបានបញ្ជូនរថយន្តទាំង ២គ្រឿងទៅកាន់នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ដើម្បីធ្វើការដោះស្រោយគ្នាបន្តទៅទៀត៕


ដោយ៖ ភារ៉ា