កម្មពារមិនចាំជាតិក្រោយ..! តុលាការខេត្តកោះកុង កាត់ទោសបុរសម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិព្រែកស្មាច់ កាលពីឆ្នាំ២០០៩ រួចរត់គេចខ្លួន
-

រតនគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងព្រហ្មទណ្ឌខេត្តកោះកុង សហការជាមួយកម្លាំងអធិការស្រុកអូរយ៉ាដាវ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនិងកម្លាំងCPU បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ផាន ភេទប្រុស អាយុ៥០ឆ្នាំ មានស្រុកកំណើតភូមិសែនពន្លូង ឃុំសំរោង ស្រុកទូកមាស ខេត្តកំពត។

តាមអំណាចសាលក្រមលេខ១៥២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១០ របស់សាលាដំបូងខេត្តកោះកុង ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៩។ បច្ចុប្បន្ន កម្លាំងព្រហ្មទណ្ឌខេត្ត បានប្រគល់ទណ្ឌិតទៅឲ្យកម្លាំងព្រហ្មទណ្ឌខេត្តកោះកុង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕