រដុ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា មូលហេតុដែលសណ្ឋាគារ និងផ្ទះសំណាក់នៅព្រះសីហនុ ឡើងថ្លៃ គឺដោយសារតែមានចំនួនបន្ទប់តិច
-

ភ្នំពេញៈ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ថោង ខុន រដុ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងក្រោយបញ្ចប់សិក្ខាសាលា បូកសរុបការងារប្រឡងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និងការប្រឡងប្រណាំងសហគម ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៨ ថា មូលហេតុដែលសណ្ឋាគារ និងផ្ទះសំណាក់ នៅព្រះសីហនុ ឡើងថ្លៃ គឺដោយសារតែមានចំនួនបន្ទប់តិច (១៤០០បន្ទប់) ទើបធ្វើឲ្យតម្លែ មានការឡើងថ្លៃ។

លោកបន្តថា ប៉ុន្តែយើងគិតឃើញថា អ្វីៗកំពុងតែដំណើរការទៅមុខ គឺវាមិនថ្លៃពេកទេ ព្រោះឥឡូវហ្នឹង ដូចដែលខ្ញុំបានប្រាប់ គឺដោយសារតែគេប្លុកអាហ្នឹង យកទៅជួលឲ្យភ្ញៀវរបស់គេ ដាច់ដោយឡែក។ ចឹងយើងខិតខំធ្វើសណ្ឋាគារ ឲ្យបានច្រើនថែមទៀត នៅពេលដែលមានសណ្ឋាគារច្រើនទៅ តម្លៃវាអត់សូវមានបញ្ហា ដូចនៅសៀមរាប មិនដែលចោទជាបញ្ហាទេ ដោយសារអី ដោយសារសណ្ឋាគារនៅសៀមរាបមានច្រើន។

លោករដុ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថា ដូច្នេះនៅក្រុងព្រះសីហនុ មានភ្ញៀវកាន់តែច្រើន ទើបសណ្ឋាគាររត់មិនទាន់ ហើយកាលណាការផ្គត់ផ្គង់ និងតម្រូវការមិនមានការស៊ីសង្វាក់គ្នា ក៏អាចទៅដល់ការឡើងថ្លៃបានដែរ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានលើកសរសើរថា ក្រុងព្រះសីហនុ កំពុងស្ថិត នៅក្នុងដំណើរការអភិវឌ្ឍយ៉ាងល្អ ដោយបានផ្តល់ចំណូលដល់ពលរដ្ឋ ក្នុងនោះសណ្ឋាគារមាន៨៨កន្លែង គិតជាបន្ទប់មាន១៤០០បន្ទប់ ត្រូវបានជួលឲ្យគេហើយ ដើម្បីដាក់ភ្ញៀវអន្តរជាតិជាពិសេស គឺជនជាតិចិន។ ដោយឡែក មានពលរដ្ឋខ្មែរបានរអ៊ូរទាំថា ខ្វះសណ្ឋាគារនិងផ្ទះសំណាក់ ក្នុងការស្នាក់ជាដើមនោះ មិនមែនជាបញ្ហាចោទទេ ព្រោះមានសណ្ឋាគារនិងផ្ទះសំណាក់ថ្មីៗ បានសាងសង់ឡើងជាបន្តបន្ទាប់ ដែលនឹងចេញជារូបរាងនៅឆ្នាំ២០១៩ ខាងមុខ ជាង២ពាន់បន្ទប់ទៀត។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍សង្កត់ធ្ងន់ថា ក្រសួងបាននិងកំពុង ជំរុញការវិនិយោគឲ្យបានតែច្រើនបន្ថែមទៀត ហើយកាលណាមានការវិនិយោគកាន់តែច្រើន គឺធ្វើកម្ពុជាមានការចំណេញជាច្រើន រួមមាន ចំណេញការងារឲ្យពលរដ្ឋខ្មែរ ចំណេញបានទទួលចំណូលចូលរដ្ឋ និងចំណេញបច្ចេកទេសជាដើម។

ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើង ទាក់ទងស្លាកយីហោរបស់ជនបរទេសនៅក្រុងកំពង់សោមថា ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានផ្សព្វផ្សាយផុសផុលថា អំពីផ្លាកសញ្ញា ឬយីហោ នៅតាមហាងនានា ដែលលើកឡើងខុសពីប្រក្រតី។ ប៉ុន្តែក្រសួងក៏បានណែនាំឲ្យសរសេរអក្សរជាចាំបាច់ គឺជាអក្សរខ្មែរនៅពីលើ និងអក្សរអង់គ្លេសនៅពីក្រោម ដោយអក្សរអង់គ្លេស ត្រូវតូចជាងអក្សរខ្មែរ។

សូមបញ្ជាក់ថា ៩ខែ ឆ្នាំ២០១៨ ខេត្តព្រះសីហនុទទួល បានភ្ញៀវទេសចរចំនួន១,៦០០០០០ (មួយលានប្រាំមួយសែន) ភ្ញៀវទេសចរជាតិមានចំនួន ១,១០០០០០ (មួយលានមួយសែន) កើនឡើង១២ភាគរយ សម្រាប់ភ្ញៀវទេសចរអន្តរជាតិវិញ មានចំនួនជិត៥០ម៉ឺននាក់ កើនឡើង១៩ភាគរយ ៕