ថ្មីទៀតហើយ..! បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបាន​នគរ​បាលរា​ជធានីភ្នំពេញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី​ប្រព្រឹត្តអំពើទិញពេស្យាចារ កុមារាអាយុក្រោម១៥ឆ្នាំ ចំនួន៤នាក់ ក្នុងបន្ទប់ជួលរបស់ខ្លួន
-

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បុរសជនជាតិអង់គ្លេសម្នាក់ មានឈ្មោះ LORYMAN STEPHEN JOHN ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវបាន​នគរ​បាល បញ្ជូនទៅអយ្យការអមសាលា​ដំបូងរា​ជធានីភ្នំពេញ ដើម្បីចាត់ការ​តាមនីតិ​វិធីច្បាប់ ពាក់ព័ន្ធករណី​ប្រព្រឹត្តអំពើទិញពេស្យាចារកុមារអាយុក្រោម១៥ឆ្នាំ។

បើតាមសម្ដីសមត្ថកិច្ច​បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន ជនបរទេសនេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យ​បាន​នាំក្មេងប្រុសចំនួន៤នាក់ ចូលទៅ​ផ្ទះជួលរបស់ខ្លួន ដោយមានការសង្ស័យសមត្ថកិច្ចបាន​ស្នើសុំត្រួតពិនិត្យផ្ទះ​ជួលខាង​លើ រកឃើញថា នៅក្នុងផ្ទះជនសង្ស័យមានកុមារាចំនួន៤នាក់ និងបាននាំមក​នាយកដ្ឋា​ន ដើម្បីធ្វើ​ការសាកសួរ។

ក្រោយការសាកសួរតាមការឆ្លើយបំភ្លឺរបស់កុមារារងគ្រោះ និងតាមការបំភ្លឺដើមបណ្តឹង ជា​ម្តាយ​កុមាររងគ្រោះ​ ព្រមទាំងការបំភ្លឺរបស់សាក្សី ជន​សង្ស័យ​បានប្រើប្រា​ស់​មធ្យោបាយ​ជាច្រើន ដើម្បីទាក់ទាញកុមាររងគ្រោះ។ ក្នុងនោះសមត្ថិកច្ចបានដាក់ការសន្និដ្ឋានថា ជនសង្ស័យ​ពិតជា​បានប្រព្រឹត្តអំពើរួមភេទ និងរំលោភ​បំពានផ្លូវភេទ​លើ​កុមារ ដោយ​ប្រើប្រាស់​សម្ភារៈ ប្រាក់​កាស ជាការអូសទាញ និងសម្រេចកសាងសំណុំរឿងបញ្ជូនជន​សង្ស័​យ និងវត្ថុតាងទៅ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី​ច្បាប់ហើយ ៕