ស្ត្រីម្នាក់ មានជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បានសម្រេចចិត្តដើរមកលោតទឹក ពីលើស្ពានជ្រោយចង្វារ ក្រោយពីកើតបានកូនប្រុស អាយុ១ខួបជាង រួចត្រូវប្ដីសុំលែង
-

ភ្នំពេញៈ កាលពីវេលាម៉ោង១២ៈ១០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានហេតុការណ៏ភ្ញាកើផ្អើលមួយ ដោយស្ត្រីម្នាក់ មានឈ្មោះ វែង ស្រីម៉ៅ អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្វាយតានី ឃុំស្វាយតានី ស្រុកស្អាង ខេត្តកណ្តាល និងមានកូនប្រុសអាយុ១ខួបជាង។ មិនដឹងមានវិបត្តិអ្វី បានសម្រេចចិត្តដើរមកលោតទឹកពីលើស្ពានជ្រោយចង្វារ ក្នុងគោលបំណងបញ្ចប់ជីវិតរបស់ខ្លួន តែសំណាងល្អ ត្រូវបានបងប្អូនប្រជាពលរដ្ឋអ្នកនេសាទត្រី ចេញទូកជួយសង្គ្រោះទាន់ពេលវេលា។

បើតាមសម្ដីបងប្រុសម្នាក់ ដែលជាអ្នករស់នៅជិតខាង បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បានរៀបការមួយបុរសម្នាក់ និងមានកូនប្រុសម្នាក់ អាយុ១ខួបជាង ហើយក៏បានលែងលះគ្នាទៅវិញ។ ក្រោយមកស្ត្រីរងគ្រោះខាងលើ ក៏មានបញ្ហាជំងឺផ្លូវចិត្តតែម្តង។ តាមសំដីរបស់ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានលឺសំលេងទឹក ខណ:ពេលនោះ ឃើញមានដៃមនុស្សស្រីហែល ភ្លាមៗរូបគាត់ក៏បានចេញទូកនេសាទ ជួយសង្គ្រោះស្ត្រីរងគ្រោះខាងលើ ទាន់ពេលវេលា។ ក្រោយមក រូបគាត់បានដឹកយកស្ត្រីរងគ្រោះខាងលើមកដល់ច្រាំងទន្លេ ហើយក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចនៅគោលដៅការពារស្ពានទី៣ និងទាក់ទងទៅក្រុមគ្រួសារសាច់ញាតិបងប្អូន យកទទួលយកស្ត្រីរងគ្រោះខាងលើ ត្រឡប់ទៅផ្ទះវិញ ៕