ចៅអធិការវត្តមួយអង្គដែលបានប្រឌិតរឿងចោរចូលលួចលុយបច្ច័យកឋិនត្រូវបានសមត្ថកិច្ចចាប់ផ្សឹកហើយ បន្ទាប់ពីរកឃើញថា មានពិរុទ្ទករណីបំប៉ោងសភាពការណ៍អោយជ្រួលច្របល់ក្នុងវត្តរួចមក ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានព្រះសង្ឃមួយអង្គព្រះនាម ម៉ន អឿន ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង បានមកប្តឹងនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ថាមានចោរចូលគាស់ទ្វារកុដិលួចយកសម្ភារមានតម្លៃ និងប្រាក់រាប់សិបលានរៀល(ប្រាក់បច្ច័យកឋិនទាន) ។
ក្រោយធ្វើការស៊ើបអង្កេត និងកោសល្យវិច្ច័យយ៉ាងយកចិត្តទុកដាក់រួចមកសមត្ថកិច្ចបានកំណត់មុខសញ្ញាបានតែម្តងដែលជនសង្ស័យជាដើមបណ្ដឹងឈ្មោះ ម៉ន អឿន ភេទប្រុស អាយុ៤២ឆ្នាំជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង។ជនសង្ស័យត្រូវបានរកឃើញថា បានប្រឌិតព័ត៌មាន និងបានរៀបចំភស្ថុតាងស្លាកស្នាមក្លែងបន្លំដើម្បីបំភ័ន្តថា ក្រុមចោរជាអ្នកលួចលុយអស់ចំនួន ១៦.០៥០.០០០រៀល និងប្រាក់ដុល្លាចំនួន៩០០ដុល្លារ ។
ជនសង្ស័យបានប្រើរូបភាពគប់កញ្ចក់ទ្វារឲ្យបែកហើយគាស់ទ្វារដែកចូលក្នុងបន្ទប់ ដើម្បីប្រឌិតរឿងដើម្បីបំភ័ន្តភ្នែកមហាជន។ករណីនេះអតីតសង្ឃកំហូចបានទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្ដដោយខ្លួនឯងពិតប្រាកដមែនគ្មានអ្នកណាចូលរួមឡើយ ។