អ្នកដំណើរលើយន្តហោះ១៧៧នាក់ របស់ក្រុមហ៊ុន Frontier Airlines ក្នុងរដ្ឋណេវ៉ាដា សហរដ្ឋអាមេរិច ភិតភ័យនិងស្រែកទ្រហោយំគ្រប់ៗគ្នា ក្រោយពីឃើញស្លាបយន្តហោះ របើកចេញពីតួរ ក្នុងពេលហោះហើរ បានរយះពេល១៥នាទី
-

LAS VEGAS:(សហរដ្ឋអាមេរិច) យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Frontier Airlines បានចេញដំណើរពី ឡាសវែហ្គាស រដ្ឋណេវ៉ាដា ភាគខាងលិច ក្នុងទិសដៅទៅរដ្ឋផ្លរីដា រួចបានវិលត្រឡប់មកវិញ កាលពីថ្ងៃសុក្រទី30 ខែវិច្ឆិកា ក្នុងការហោះហើរត្រលប់មកវិញនេះដែរ ស្រាប់តែគម្រប​ម៉ាស៊ីនរបស់យន្តហោះ បានរបូតចេញទាំងអស់ក្នុងអំឡុងពេលហោះហើរ​ ដែលធ្វើអោយអ្នកដំណើរ​មានការភិតភ័យយ៉ាង​ខ្លាំង​និងបានទ្រហោយំគ្រប់ៗគ្នា។ អ្នកដំណើរ CJ Gunnerson បានផ្ញើរូបថតនៃការខូចខាតដល់មិត្តរបស់គាត់ឈ្មោះ Brandon Rittiman ដែលជាអ្នកយកព័ត៌មានទូរទស្សន៍ ABC10 អន្តរជាតិ។ Rittiman បាននិយាយថា ការហោះ​ហើរ​ជាមួយ​មនុស្ស​ចំនួនជាង 177 នាក់ នៅលើយន្តហោះត្រូវធ្វើការចុះចត​ជាបន្ទាន់នៅក្នុងទីក្រុងឡាសវេហ្គាស បន្ទាប់ពីមានហេតុការណ៏នេះ​បានកើតឡើង។ នេះបើតាមការចុះផ្សាយ របស់ Channel News Asia កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ។

Brandon Rittiman ​បានបង្ហាញពីផ្គុំដែកពណ៌បៃតង ដែលត្រូវបានផ្ទុះនិងរបើកដោយផ្នែកនៃយន្តហោះ Airbus A320 ដោយបានបង្ហាញទាំងធ្នែកម៉ាស៊ីន ដែលត្រូវបានផ្ទុះខូច។ លោក Gunnerson បានរៀបរាប់ពីហេតុការណ៍នេះទៅ​នឹង​ទី​ភ្នាក់​ងារព័ត៌មាន WTSP ក្នុងតំបន់ថា វាជាគ្រោះ​អាក្រក់​ដែលកើតមានលើយន្តហោះនេះ ហើយបានធ្វើឲ្យអ្នកដំណើរទាំងអស់​មានការភិតភ័យ​ជាខ្លាំង​ហើយបាន​ស្រែក​ទ្រហោ​យំ​គ្រប់ៗគ្នាក្នុងហេតុការណ៏មួយនេះ។

អ្នកដំណើរម្នាក់ទៀតឈ្មោះ Stella Ponce បានប្រាប់សារព័ត៌មានថា នាងបានផ្ញើរសារ​ទៅឱ្យកូនស្រីរបស់នាង​និយាយថា​នាងស្រឡាញ់កូនស្រីរបស់នាងខ្លាំងណាស់ នាងបានគិតថា​ប្រហែលជាមិនបានជូបកូន​ស្រី និងមនុស្សជាទី​ស្រលាញ់របស់នាង​រហូតហើយ។ អ្នកស្រីបានបន្ថែមថា មនុស្សគ្រប់គ្នាកំពុងស្រែកឱ្យអ្នកបើកបរបយន្តហោះបញ្ឈប់ហើយ​ស្ត្រីពីរនាក់កំពុងយំ ខណៈដែលអ្នកដំណើរផ្សេងទៀត កំពុងចង្អុលបង្ហាញពីបង្អួចនៃព្រឹត្តិការណ៏ដែលបានកើតឡើង។

យោងតាមគេហទំព័រហោះហើរ FlightAware ជើងហោះហើរ Frontier 260 បានចេញដំណើរទៅកាន់រដ្ឋធានី Tampa នៅវេលាម៉ោង7:12នាទីព្រឹក ហើយបានវិលត្រឡប់ទៅអាកាសយានដ្ឋានអន្តរជាតិ McCarran នៃក្រុងឡាសវេហ្គាសនៅវេលាម៉ោង7:27 នាទីព្រឹក។

របាយការណ៍មួយរបស់ USA Today បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍មួយ​ដែលនិយាយថា ផ្នែកមួយនៃគម្របម៉ាស៊ីនដែលហៅថា (បាលុងឬក៏ខ្ចៅ) បានរលុងនិងបំបែកចេញពីយន្ដហោះបណ្តាលឲ្យផ្ទុះខូចតែម្តង។

គួរបញ្ជាក់ថាអ្នកដំណើរទាំងអស់ត្រូវបានគេផ្តល់សំណងនិងប័ណ្ណបញ្ចុះតម្លៃ 500 ដុល្លារសម្រាប់ការហោះហើរនៅពេលក្រោយ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានរៀបចំឱ្យអ្នកដំណើរធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត ដើម្បីធានាថា ពួកគេនឹងទៅដល់រដ្ឋផ្លរីដា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អ្នកដំណើរ 177 នាក់ អ្នកបើកយន្តហោះ ព្រមទាំងបុគ្គលិកបម្រើលើយន្តហោះ6នាក់ទៀត ត្រូវបានរាយការណ៍​ថាមានសុវត្ថិភាពវិញហើយ។

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី: CNA