ភ្នំពេញ ៖ ក្មេងស្រីសិស្សវិទ្យាល័យ ហ៊ុន សែនហ៊ុន ប៊ុនរ៉ានីអរុណវត្តីម្នាក់ត្រូវរថយន្តដឹកទំនិញមួយគ្រឿងកិនបែកក្បាលស្លាប់នៅកន្លែងគួរឲ្យអាណោចអធម៌ ខណះពេលដែលជនរងគ្រោះជិះម៉ូតូម៉ាកស្តុបពីមួយគ្រឿងជាមួយមិត្តភក្កិ បើកវ៉ាជែងរ៉ឺម៉កម៉ូតូហើយទាក់ដៃចង្កូតម៉ូតូដួលហើយ រថយន្តមកពីក្រោយកិនតែម្ដង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីនាទីថ្ងៃត្រង់ទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តាយផ្លូវបេតុង ក្នុងភូមិជង្រុក សង្កាត់ត្រពាំងត្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះ មានឈ្មោះ បាន ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អរុណវត្តី មានទីលំនៅក្នុងភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ចំណែក រថយន្តកិនមនុស្សស្លាប់ជារថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវពាក់ស្លាកលេខ បាត់ដំបង៣A.១៤៩៤ បើកបរដោយបុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ។

តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកស្តុបពីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ១GQ៧០២៩ ដោយមានមិត្តភក្កិឈ្មោះហង្ស ស្រីពេជ្រអាយុ១៥ឆ្នាំ ជាអ្នកឌុប ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងសាលារៀន ខណះពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ក៍បានជិះម៉ូតូវ៉ាជែងរ៉ឺម៉កម៉ូតូមួយគ្រឿងមិនផុត ក៏ទាក់ដៃចង្កូត បណ្តាលឲ្យដួល ហើយត្រូវរថយន្ត ដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ មកពីក្រោយកិនបែកក្បាលស្លាប់នៅកន្លែងតែម្តង ។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ត្រូវនគរបាលឃាត់ខ្លួនភ្លាមៗផងដែរ ។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះក៍បានធ្វើដំណើរ ទៅដល់កន្លែងកើតហេតុហើយនាំគ្នាយំអោបសពកូនយ៉ាងក្តុកក្តួលបំផុត ។ ក្នុងពេលនោះដែរ រថយន្ត និងម៉ូតូព្រមទាំងអ្នកបើកបរ ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោកដើម្បីចាត់ការតាមច្បាប់។ចំណែកសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយៈ ភារ៉ា