សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តាំសួរសុខទុក្ខមន្ត្រីនគរបាលដែនបានត្រូវជនជាតិចិនបែកថ្នាំម្នាក់ដែលបានបកាប់ ត្រូវដៃយ៉ាងដំណំ...!
-

ភ្នំពេញ៖ សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨​ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ងី មានហេង អនុប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខលោកអនុសេនីយ៍​ទោ ម៉ៅ សំណាង អាយុ៥០ឆ្នាំ ជាមន្ត្រីនគរបាលនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលបានរងគ្រោះដោយសារជនជាតិចិនបែកថ្នាំកាប់បណ្តាលឲ្យរយះដៃ ខណៈទៅជួយស្ត្រីលក់ទឹកអំពៅម្នាក់ កាលពីថ្ងៃសៅរ៍ ទី១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតផ្លូវ៤៣២ កែង៩៥​ ខណ្ឌចំការមន​ ដែលសព្វថ្ងៃលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ។

នាឱកាសនោះ​ លោកវេជ្ជ.អនុប្រធានគណៈកម្មាធិការសាខា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​ ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកអនុសេនីយ៍​ទោ ម៉ៅ សំណាង ព្រមទាំងលើកទឹកចិត្តសូមឲ្យស្តាប់តាមការណែនាំរបស់គ្រូពេទ្យ​ ពិសារថ្នាំអោយបានទៀងទាត់ដើម្បីឆាប់ជាសះស្បើយ​ ។ ជាមួយគ្នានោះ​ ក្រុមការងារសាខាក៏បាននាំយកអំណោយមនុស្សធម៌មកផ្តល់ជូនលោកអនុសេនីយ៍​ទោ ម៉ៅ សំណាង រួមមាន៖​ ទឹកក្រូច១កេស ស្ករស១គីឡូក្រាម​ មី១កេស ទឹកដោះគោ៥កំប៉ុង តែ៥កញ្ចប់​ ត្រីខ១យួរ​ និងថវិកាចំនួន៦សែនរៀល​ ។ លោកវេជ្ជបណ្ឌិត ងី មានហេង ក៏បានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន២សែនរៀលផងដែរ​ ៕