លោកគ្រូ​ស្នេហ៍​មន្តអាគម​អូ​ម​អាម​ម្នាក់ ត្រូវ​បាន​លោក​អធិការរង​ខណ្ឌឫស្សីកែវ ប្តឹង​ទាម​ទារជំងឺចិត្ត ចំនួន​២​ម៉ឺន​ដុ​ល្លារ​ រឿងបង្ហោះ​ឡាយ​វី​ដេ​អូ​បរិហារកេរ្តិ៍ជា​សាធារណៈ
-

ភ្នំពេញៈ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ លោកគ្រូ​ស្នេហ៍​មន្តអាគម​អូ​ម​អាម​ម្នាក់ មានឈ្មោះ ណុ​ប សក្ក​ដា ហៅ ​(​គ្រូ​ផេះ​គ្រូ​អង្កាម​) ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ផ្លូវ​លេខ​ជាតិ​៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ។ ត្រូវ​បាន​លោក​អធិការរង​ខណ្ឌឫស្សីកែវ លោក លឹ​ម សេរី​សោ​ភ័​ណ្ឌ ប្តឹង​ទាម​ទារជំងឺចិត្ត នូវ​ទឹកប្រាក់​ចំនួន​២​ម៉ឺន​ដុ​ល្លារ​ បន្ទាប់​ពី​គ្រូ​ម្នាក់​នេះ បង្ហោះ​ឡាយ​វី​ដេ​អូ​បរិហារកេរ្តិ៍ នៅ​តាម​បណ្តាញ​សង្គម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្នូរ​ របស់​លោក​ កាលពី​ព្រឹក​ ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨។

នៅ​ក្នុង​ពាក្យបណ្តឹង បាន​រៀបរាប់​ទៀត​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ បង​ថ្ងៃ​របស់​គាត់ មានឈ្មោះ ឈឹ​ម ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ បាន​ដុត​កន្ទុយ​សំបុត្រ ផ្ញើ​ម៉ូតូ និង​ចុងសន្លឹក ចោល​នៅ​មុខ​ផ្ទះ​របស់​គាត់ ដើម្បី​ជៀសវាង​គេ​លួច​យក​ទៅ​ប្រើប្រាស់ ​ក្នុង​អំពើ​ទុច្ចរិត​ណាមួយ​ ជាយថាហេតុ ខណៈនោះ​ស្រាប់តែ​លោកគ្រូ​ស្នេហ៍​អូ​ម​អាម​នោះ បញ្ជា​កូនចៅ​មក​ពន្លត់ភ្លើង ដែល​បងថ្លៃ​ប្រុស​កំពុង​ដុត ដោយ​ពុំ​បាន​សួរនាំ​អ្វី​ទាំងអស់ ហើយ​ថែម​ទាំង យក​សំណល់​កន្ទុយ​សំបុត្រ ដែល​មិន​ទាន់​ឆេះ​អស់ ទៅ​ទុក​ក្នុងផ្ទះ​របស់​ខ្លួន​​។ បើ​ទោះបីជា បងថ្លៃ​របស់​គាត់​ទៅ​សុំ​វិញ យ៉ាងណា​ក៏​មិន​អោយ​វិញ​ដែរ។ 

មិនតែប៉ុណ្ណោះ លោកគ្រូ​ស្នេហ៍​អូ​ម​អាម​នោះ បាន​ឡាយ​វី​ដេ​អូ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក បរិហា​កេរ្តិ៍​ជា​សាធារណៈ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​គាត់​យ៉ាង​ខ្លាំង ដោយ​មិន​អាច​អត់អោន​ឱ្យ​បាន​ឡើយ ទើប​លោក​អធិការរង ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត នូវ​ទឹកប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

បើ​តាម លោក​អធិការរង លឹ​ម សេរី​សោ​ភ័​ណ្ឌ បាន​ប្រាប់​ថា បងថ្លៃ​របស់​គាត់​ជា​អ្នក​រកស៊ី​ផ្ញើ​ម៉ូតូ នៅ​ស្ថានីយ៍ទូរទស្សន៍​ CTN ហើយ​កន្ទុយ​សំបុត្រ ឬ​ចុងសន្លឹក​ដែល​នៅ​សល់ គឺ​យក​មក​ផ្ទះ ហើយ​ដុត​បំផ្លាញ​ចោល​រាល់​មួយ​អាទិត្យ​ម្តង​ៗ ដើម្បី​ជៀសវាង​ក្រែង​ជន​ខិល​លួច យក​កន្ទុយ​សំបុត្រ ឬ​ចុងសន្លឹក​ផ្ញើ​ម៉ូតូ​នោះ​ទៅ​ក្នុង​បំណង​មិនល្អ​ណាមួយ​ជាយថាហេតុ។ 

ប្រភព​ពី​អ្នក​រស់នៅ​ក្បែរ​ខាង បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​អោយ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ផ្ទះ​គ្រូស្នេហ៍​នោះ មិន​មាន​ភ្ញៀវ​ចូល​អ៊ូអរ ដូច​មុន​ៗ​ទៀត​ទេ។ ហើយ​ការ​ដុត​ក្រដាស កន្ទុយ​សំបុត្រ​នោះ ញឹកញាប់ ប្រហែលជា​គ្រូស្នេហ៍​នោះ សង្ស័យ​ថា ការ​ដុត​កន្ទុយ​សំបុត្រ នោះ​មាន​ដាក់​មន្តអាគម​អ្វី​ហើយ​មើលទៅ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​គ្រូស្នេហ៍​នោះ​លែង​ចូល ទើប​គ្រូស្នេហ៍​ទៅ​ពន្លត់ភ្លើង ហើយ​រើកកាយ​រក​មើល​ក្រែង​មាន​វត្ថុ​ណាមួយ ប៉ុន្តែ​រក​មិនឃើញ ។

ពាក់​ព​ន្ធ័​នឹង​បញ្ហា​នោះ ភ្នាក់ងារ​សារព័ត៌មាន​យើង បាន​ជួប​គ្រូស្នេហ៍​មន្តអាគម​តាម​ទូរ​សព្ទ័ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ដោយ​លោកគ្រូ​ផេះ​គ្រូ​អង្គា​ម គាត់​ច្រាន​ចោលការ​ចោទប្រកាន់​របស់​លោក​អធិការរង រួច​ថែម​ទាំង​គំរាម​ថា នឹង​ជួប​ថ្នាក់លើ ហើយ​ដក​តំណែង​អធិការរង ក្រវាត់​ចោល​ទៀត​ផង ៕