ភ្នំពេញៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងដីឡូត៍របស់លោកឧកញ៉ា ម៉ៅ សុផល ទល់មុខក្រុមហ៊ុនស៊ិនទ្រី ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយជនមិនស្គាល់មុខមួយក្រុម បានយកសំបកកង់រថយន្តជាច្រើន ទៅដាក់គនៅក្នុងដីឡូត៍ខាងលើ បន្ទាប់មកបានដុតបង្កឲ្យមានការឆាបឆេះ យ៉ាងសន្ធោរសន្ធៅ និងមានផ្សែងហុយឡើងលើខ្មៅឃ្មួលខ្មាញ់តែម្ដង។ ខណៈពេលឃើញមានផ្សែងហុយកប់អាកាសបែបនេះ អាជ្ញាធរនិងសមត្ថកិច្ចព្រមទាំងប្រជាពលរដ្ឋទូទាំងខណ្ឌដង្កោ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះស្មានថា ភ្លើងឆេះផ្ទះ ឬឆេះទីតាំងក្រុមហ៊ុនរោងចក្រសហគ្រាសកន្លែងណាមួយ ហើយបាននាំគ្នាចេញអន្តរាគមន៍ ទៅកាន់កន្លែងកើតហេតុភ្លាមៗដែរ។

ក្នុងហេតុការណ៏នោះដែរ អាជ្ញាធរនិងសមត្ថកិច្ច បាននាំយករថយន្តពន្លត់អគ្គិភ័យ១គ្រឿង ទៅជាមួយផងដែរ លុះពេលទៅដល់ទើបដឹងថា ជាភ្លើង និងផ្សែងដែលជនមិនស្គាល់មុខដុតសំបកកង់រថយន្ត ដើម្បីយកដែកលួសលក់អេតចាយ។ ប៉ុន្តែខណៈនោះអ្នកដុតបានគេចខ្លួនបាត់ទៅហើយ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យ បានបាញ់ពន្លត់រហូតរលត់ទៅវិញទាំងស្រុង។ តែមិនមានការឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរៗនោះឡើយ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកមុខជនមិនស្គាល់មុខ ដែលធ្វើសកម្មភាពដុតកង់ឡាន ដែលបង្កអោយមានការភ្ញាក់ផ្អើល និងប៉ះពាល់ដល់បរិស្ថាន ដើម្បីយកមកធ្វើការអប់រំ ៕


