ភ្នំពេញៈ កាលពីមួយខែកន្លងមកនេះ ជនសង្ស័យម្នាក់ មានឈ្មោះ សួន ឃីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅម្តុំផ្លូវត្រឡោកបែក ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិតាំងគោក ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បានធ្វើសកម្មភាពឆបោកយក ម៉ូតូមិត្តភ័ក្ដិបានជាង១ខែ មិនដឹងជាទៅទីណា តែជនរងគ្រោះឆ្លាតបានប្រើល្បិច ឲ្យស្រីស្អាតតេទាក់ទងញ៉ែតាមទូរស័ព្ទ ទើបអន្ទងប្រុសចង្រៃ ឲ្យចូលអន្ទាក់មា្ចស់ម៉ូតូ រហូតកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ពេលមកដល់កន្លែងណាត់ ក្រុមបក្ខពួកម្ចាស់ម៉ូតូ នាំគ្នាព្រួតវាយឡើងប៉ោងភ្នែកម្ខាង រួចប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់។

ជនរងគ្រោះឈ្មោះ ប្រាក់ សុវ័ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងសាឡុង ស្នាក់នៅភូមិថ្មគោល៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិផ្លូវទូក ឃុំប្រលាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ម៉ូតូដែលជនសង្ស័យឆបោកម៉ាក ស៊ុយសូគីនិច ពណ៌ត្រួយចេក ស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1DH-3326។
ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះជាមិត្តភ័ក្រនឹងគ្នា ទើបនឹងស្គាល់គ្នាបានពីរបីថ្ងៃ ហើយក៏បាននាំគ្នាដើរលេងទៅម្តុំកំបូល ស៊ីសាច់ក្រកផឹកស្រាបៀរ ដោយជិះម៉ូតូចេញពីបន្ទប់ជួល ជនរងគ្រោះនៅម្តុំត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយជិះតាមបណ្ដោយផ្លូវជាតិលេខ៤ លុះជិះម៉ូតូមកដល់ស្តុបទំនប់កប់ស្រូវ នៅពេលនោះ ជនរងគ្រោះនឹង ជនសង្ស័យត្រូវបានសមត្ថកិច្ចចរាចរណ៍ នៅគោលដៅនោះចាប់ផាកពិន័យ ដោយម៉ូតូរបស់គាត់អត់មានកញ្ចក់ហើយពួកគាត់ មិនពាក់មួកសុវត្ថិភាព។
នៅពេលនោះពួកគាត់មិនមានលុយ ទាំង២នាក់ ចំណែកឯជនសង្ស័យ បានឲ្យជនរងគ្រោះចាំនៅកន្លែង សមត្ថកិច្ចនោះមួយភ្លែត ហើយជនសង្ស័យខាងលើ ជិះម៉ូតូរបស់ជនរងគ្រោះទៅយកលុយ ពីមេរបស់ខ្លួននៅម្តុំកំបូល ដើម្បីយកលុយឲ្យសមត្ថកិច្ចថ្លៃផាកពិន័យ។ ខណៈពេលដែលជនរងគ្រោះជាម្ចាស់ម៉ូតូ ចាំមិត្តភ័ក្ដិដែលជាជនសង្ស័យ ទៅយកលុយអស់រយៈពេលជាងមួយម៉ោង ពុំឃើញជនសង្ស័យយកម៉ូតូ និងលុយមកឲ្យសមត្ថកិច្ចនៅពេលនោះ រូបគាត់នឹកសង្ស័យថា ជនសង្ស័យខាងលើ ឆបោកម៉ូតូគាត់យកទៅបាត់ហើយ ព្រោះមិនឃើញមកសោះ ចំណែកជនរងគ្រោះ បានប្រាប់សមត្ថកិច្ចចរាចរណ៍ តាមដំណើររឿង រួចទៅប្តឹងសមត្ថកិច្ច នគរបាលប៉ុស្តិ៍ចោមចៅភ្លាមៗផងដែរ។

លុះដល់ថ្ងៃកើតហេតុបន្ទាប់ពីស្រាវជ្រាវ ស្គាល់លេខទូរស័ព្ទ របស់ជនសង្ស័យហើយនោះ បានឲ្យនារី ម្នាក់ធ្វើជាធ្នាក់ ដើម្បីតេណាត់ ជួបជាមួយជនសង្ស័យ ដោយមានបក្សពួកមួយក្រុម ស្ទាក់ចាំចាប់ជនសង្ស័យហើយ ខណៈពេលឃាត់ខ្លួនជនសង្ស័យឆបោក ម៉ូតូរបស់ខ្លួនបានភ្លាមៗ មិត្តភ័ក្តិជនរងគ្រោះបាននាំគ្នាវាយ បណ្តាលឲ្យប៉ោងមុខម្ខាង ហើយប្តឹងសមត្ថកិច្ចឃាត់ភ្លាមៗ។
ជនសង្ស័យឆបោកម៉ូតូខាងលើបានប្រាប់សមត្ថកិច្ចថា ម៉ូតូដែលបោកពីមិត្តភ័ក្ដិរបស់ខ្លួននោះ គឺគេយកទៅបញ្ចាំយកលុយស៊ីចាយអស់បាត់ហើយ ពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕