យុវត្តីវ័យ១៧ឆ្នាំម្នាក់ សម្រេចចិត្តសរសេរលិខិតបណ្តាំមួយសន្លឹកទុកឲ្យឪពុកម្ដាយ ក្រោយពីជនសង្ស័យវ័យ២១ឆ្នាំ បានដាក់ថ្នាំសណ្ដំយកនាងទៅចាប់រំលោភ នៅក្នុងបន្ទប់ផ្ទះសំណាក់ បានសម្រេច
-

បន្ទាយមានជ័យៈ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ៈ០០នាទី កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបើកកិច្ចសហការជាមួយកម្លាំងជំនាញបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្រ្កាបករណី រំលោភសេពសន្ធវះ (ដោយប្រើថ្នាំធ្វើអោយបាត់បង់ស្មារតី) ប្រព្រឹត្តកាលពីអំឡុង ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់សំណាងលាភ ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានអោយដឹងថាៈ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត យោងលើចំណារឯកភាពលើ លិខិតសុំពន្លាតដែនដីចុះអនុវត្តន៍ជាក់ស្តែង ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ របស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលដំបូងរាជធានីភ្នំពេញ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះកិច្ចសហប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ រន វីរ៉ា ភេទប្រុស អាយុប្រហែល២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅផ្ទះលេខ៩៨ ផ្លូវលេខ២២ បុរីពិភពថ្មី២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ហើយបានរត់គេចខ្លួនមកស្នាក់នៅជាមួយមិត្តភ័ក្ត នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ យោងតាមរបាយការណ៍របស់កម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះ នៅថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ ខ្លួនបានរកឃើញលិខិតបណ្តាំមួយសន្លឹករបស់កូនស្រី ជាជនរងគ្រោះ អាយុ១៧ឆ្នាំ មុខរបរ សិស្ស ក្នុងអត្ថន័យថា (កូនមានកំហុសធ្ងន់ណាស់ចំពោះម៉ាក់ កូនសុំលាម៉ាក់ទៅឆ្ងាយហើយ សូមកើតជាតិណាៗក្លាយជាកូនម៉ាក់ម្តងទៀត) ទាំងនេះសបញ្ជាក់ថា ក្មេងស្រីរងគ្រោះអាចនឹងគិតខ្លីតាមរយៈសកម្មភាពណាមួយ ដែលអាចបណ្តាលអោយមានវិប្បដិសារីដល់គ្រួសារទាំងមូល ក៏សួរនាំរកហេតុផល ទើបកូនស្រីប្រាប់ថា នាងត្រូវបានបុរសម្នាក់ឈ្មោះ រន វីរ៉ា អាយុប្រហែល២១ឆ្នាំ ដាក់ថ្នាំសណ្តំ យកទៅរំលោភ នៅក្នុងបន្ទប់ផ្ទះសំណាក់។ 

បច្ចុប្បន្នក្មេងស្រីរងគ្រោះ មានផ្ទៃពោះ៤ខែ ២១ថ្ងៃហើយ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំឯកសារប្រគល់ជនសង្ស័យ ទៅកម្លាំងជំនាញការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕