សង្ឃឹមថា ចេញមកវិញ មិនធ្វើរឿងដដែលៗទៅចុះ... ពលរដ្ឋ​ខ្មែរ​ចំនួន៧នាក់ ជាប់គុក២ឆ្នាំ ក្នុងប្រទេសថៃ ត្រូវបានអាជ្ញាធរ​ថៃ ដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយពីចូលកាប់​ឈើ​គ្រញូង ខុសច្បាប់
-

ព្រះវិហារៈ នៅ​ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន៧នាក់ ដែលអាជ្ញាធរ​ថៃ ​បានចាប់ខ្លួន កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​ណាំ​ឃុន ខេត្ត​ឧ​ប៊ុន ប្រទេស​ថៃ ពីបទ​លួច​ឆ្លងដែន​ខុសច្បាប់​ ចូល​កាប់​ឈើ​គ្រញូង តាម​ចំណុច​ព្រលាន​តា​ទុំ នៅក្នុង​ភូមិសាស្ត្រ ភូមិ​ឈើទាល​គង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

បានបញ្ជូន​មកឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ តាម​ច្រក​អានសេះ ស្ថិតនៅក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។ បើ​គិត​ថ្ងៃ​ដែល​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះលែង​មកវិញ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង៧នាក់​នេះ ជាប់ឃុំ​ឃាំង​ក្នុងម្នាក់២ឆ្នាំ​មកហើយ។

ពលរដ្ឋ​ខ្មែរ​ទាំង៧នាក់​នេះ រួមមាន​ទី១.ឈ្មោះ សូ រ៉​ន ភេទ​ប្រុស អាយុ៤៤ឆ្នាំ ទី២.ឈ្មោះ កែវ យុទ្ធ ភេទ​ប្រុស អាយុ៣៦ឆ្នាំ ទី៣.ឈ្មោះ ខន ភី​អិ​ច ភេទ​ប្រុស អាយុ១៨ឆ្នា, ទី៤.ឈ្មោះ អៀង ឯក ភេទ​ប្រុស អាយុ២៥ឆ្នាំ ទី៥.ឈ្នោះ យ៉​ន រី​ម​សុខ ភេទ​ប្រុស អាយុ៥៦ឆ្នាំ ទី៦.ឈ្មោះ យាង កែន ភេទ​ប្រុស អាយុ២៩ឆ្នាំ និង​ទី៧.ឈ្មោះ ទិ​ត្យ សៀ ភេទ​ប្រុស អាយុ៣៤ឆ្នាំ។ សមត្ថកិច្ច​ទំនាក់ទំនង​ព្រំដែន ច្រក​តំបន់​អានសេះ បានឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញរៀងៗខ្លួន ដើម្បី​ជួបជុំ​ក្រុមគ្រួសារ និង​សាច់ញាតិ ៕