មន្ត្រីយោធា ឋានន្តរស័ក្តិវរសេនីយ៍ឯក សក្តិ៥ម្នាក់ ម្ចាស់រម្មណីយ៍ដ្ឋាន ទឹកជ្រោះ៩ជាន់ ឈ្លោះជាមួយប្រពន្ធ បាញ់ជាច្រើនគ្រាប់ ហើយដុតផ្ទះ និងបឹងកាឡូអស់ជាច្រើនខ្នង រួចរត់គេចខ្លួន
-

ខេត្តកំពតៈ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ មន្ត្រីយោធាបំរើការងារនៅផ្នែករដ្ឋបាល នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិម្នាក់ ដែលគេស្គាល់ថា មានឈ្មោះ អាំ ផល្លីន និងជាម្ចាស់រមណនីយដ្ឋាន ទឹកជ្រោះ៩ជាន់ ដែលស្ថិតនៅក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ បានដក់កាំភ្លើងបាញ់ជាច្រើនគ្រាប់ ហើយដុតបំផ្លាញផ្ទះ និងបឹងកាឡូរបស់ខ្លួន អស់ជាច្រើនកន្លែង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យថា ក្រោយពីបង្កហេតុរួច មន្ត្រីយោធាខាងលើនេះ ដែលមានឋានន្តរស័ក្តិវរសេនីយ៍ឯក សក្តិ៥ បានរត់គេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការនេះដែល ជនសង្ស័យ បានដុតផ្ទះដែលជារម្មនីយដ្ឋាន ទឹកជ្រោះ៩ជាន់របស់ខ្លួន បណ្តាលឲ្យឆេះផ្ទះ សម្រាប់ជួលឲ្យភ្ញៀវស្នាក់នៅ អស់ចំនួន៨ខ្នង ផ្ទះវីឡា១ខ្នង សាលប្រជុំ១ រោងបាយ១ ភោជនីយដ្ឋាន២ ខ្យូសចំនួន២៥ និងសម្ភារៈមួយចំនួនធំ នៅនិងកន្លែងកើតហេតុផ្ទាល់តែម្តង។ ព្រមទាំងបានបាញ់អស់ជាច្រើនគ្រាប់ផងដែរ មុននិងគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ ប្រពន្ធរបស់លោក អាំ ផល្លីន បានធ្វើការដាក់ពាក្យបណ្តឹង ទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ដោយបានរៀបរាប់រឿងរ៉ាវយ៉ាងលម្អិត នៅក្នុងហេតុការណ៍ខាងលើនេះផងដែរ ៕