ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណវត្តមុន្នីសែនជ័យ ក្នុងភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយព្រះសង្ឃមួយអង្គ ព្រះនាម ភុំ ផាត់ អាយុ៥៣ឆ្នាំ ដែលមានស្រុកកំណើត នៅភូមិថ្នល់តាសិត ឃុំគោកធ្លោក ស្រុកជីក្រែង ខេត្តសៀមរាប។ មានសតិមិនគ្រប់ យកពូថៅកាប់អាគុយសូឡា បណ្ដាលឲ្យឆាបឆេះកុដិលោកធ្វើពីឈើប្រក់ស័ង្កសី ដែលមានទំហ៊ំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ទាំងស្រុងដោយមិនអាចជួយពន្លត់បានឡើយ។

ក្រោយពីកើតហេតុ ព្រះគ្រូចៅអធិកាវត្តមុន្នីសែនជ័យ បានចាប់ផ្សឹក និងប្រគល់ឱ្យក្រុមគ្រួសារ យកទៅរស់នៅ ឯស្រុកកំណើតវិញ ។ សម្ភារៈដែលខូចខាតក្នុងអគ្គិភ័យនេះរួមមាន ស្បងជីវរ ចំនួន៣លាង ឆ្នាំងតូចសម្រាប់ដាក់បាយ ចំនួន៥០០ ឆ្នាំងដាំបាយ ឆ្នាំងសម្លចំនួន២០០ ចានដែកសចំនួន៥០០ ធុងទឹកកកតូចចំនួន២០ ស្លាបព្រាចំនួន៥០០ ចានបាយចានសម្លចំនួន៥០០ ថាសជ័រចំនួន៥០ ធុងបាញ់ថ្នាំស្មៅចំនួន១ ម៉ាស៊ីនកាត់ឈើតូចចំនួន១គ្រឿង ថ្នាំលាបប៉េត្រូចំនួន១ធុង ៕



