លោក Beat Richner សុខចិត្តជិះឡានស៊េរីចាស់បំផុត ព្រោះតែដើម្បីជួយជីវិតកុមារកម្ពុជារាប់លានាក់
-

អ្នករាល់គ្នាប្រាកដជាបានស្គាល់រួចមកហើយថាលោកបណ្ឌិត Beat Richner គឺជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​ដែលជា​មន្ទីរ​ពេទ្យ​ដែល​​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ច្រើន​រាប់​មិន​អស់ ដោយ​មិន​គិត​កម្រៃ​។ ហើយ​មរណភាព​របស់​លោក​បាន​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​កុះ​ករ​ មាន​ការ​តក់​ស្លុត​ និង​សោកស្ដាយ​ជា​ខ្លាំង។

យោងតាមគណនីមួយឈ្មោះ​ Tara Om បានបង្ហោះរូបកម្រងរូបភាពប៉ុន្មានសន្លឹកដែលបានថតពីយូរណាស់មកហើយនោះ ដោយចង់បង្ហាញពីម៉ាក់រថយន្ដរបស់លោក Beat Richner ដែលតែងតែប្រើប្រាស់រាល់ថ្ងៃ ដើម្បីជិះទៅធ្វើការនៅ​មន្ទីរ​ពេទ្យ​។ រថយន្ដម៉ាក់  Land Rover Defender ដែលជាស៊េរី​ដំបូង​បំផុត ដែល​ផលិត​​នៅ​ចន្លោះ​ឆ្នាំ ១៩៨៣ ដល់ ១៩៩០ មើលទៅពិតជាសាមញ្ញ និងគួរអោយស្ញើចសរសើរ។ 

គណនីខាងលើ​បាន​បញ្ជាក់​ថា​រថយន្ត​ស៊េរី​ចាស់​មួយ​គ្រឿង​នេះ​ លោក​ Beat Richner បាន​ប្រើ​ប្រាស់​រហូត​ដល់​ថ្ងៃ​ដែល​លោក​ធ្លាក់​ខ្លួន​ឈឺ​​ត្រូវ​ទៅ​ព្យាបាល​នៅ​ប្រទេស​ស្វីស​ដែល​ជា​ស្រុក​កំណើត។ គណនី​ដដែល​នេះ​បន្ត​​ស្នើ​សុំ​ឲ្យ​មូលនិធីគន្ធបុប្ផារក្សាទុករថយន្ត​នេះ​ជា​និមិត្តរូប​នៃ​ការ​លះបង់​របស់​លោក​ Beat Richner ចំពោះ​កុមារ​កម្ពុជា និងទុក​ជា​ភស្តតាង​​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ។ ការលះបង់របស់លោកពិតជាធំធេងណាស់សម្រាប់កូនខ្មែរស្ទើរតែគ្រប់រូប យើងទាំងអស់គ្នាចងចាំនូវគុណបំណាច់របស់លោកជានិច្ច៕