ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ប្រតិកម្មភ្លាមៗ ទៅនឹងអតីតក្រុមហ៊ុនប្រមូលសំរាម កឹម​ជ្រា របស់លោក ជា គួង ដែលបានយកសំរាម ទៅចាក់ចោលពាសវាលពាសកាល
-

ខេត្តរតនគិរីៈ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ប្រតិកម្មភ្លាមៗ ទៅនឹងអតីតក្រុមហ៊ុនប្រមូលសំរាម កឹម​ជ្រា របស់លោក ជា គួង ដែលបានយកសំរាមទៅចាក់ចោលពាសវាលពាសកាល ក្រោយពីលោកនិងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញទៅពិនិត្យជាក់ស្ដែង កន្លែងដែលលោកជាគួង បំពុលបរិស្ថាន (កន្លែងគំនរសំរាម) ភូមិ៣ និងតាផ្លើន ស្ថិតក្នុងសង្កាត់កាចាញ និងសត្តឃាតដ្ឋាននៅភូមិជ្រីសង្កាត់ឡាបានសៀក ក្រុងបានលុង។​

ឯកឧត្តមបានសង្កត់ធ្ងន់ថា "ខ្ញុំមិនបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋខ្ញុំ រងទុក្ខលំបាកវេទនា ទ្រាំរស់ក្នុងបរិយាកាសក្លិនស្អុយអាសោជពីគំនរសំរាម និងក្លិនស្អុយអសោជពីកន្លែងសត្វឃាតដ្ឋានគ្មានអនាម័យបែបនេះនោះឡើយ ប្រាក់ខែតំណាងរាស្ត្របានមកពីរាស្រ្តដូចនេះ ខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្ញុំ"

ក្នុងនាមតំណាងរាស្ត្រមណ្ឌលរតនគិរី ជាពិសេសតំណាងឲ្យប្រជាពលរដ្ឋទាំងបីភូមិខាងលើ បានសំណូមពរដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ចាត់វិធានការចំពោះបុគ្គល ជា គួង ឲ្យប្រមូលសំរាមចេញឲ្យអស់ពីមូលដ្ឋានរបស់ប្រជាពលរដ្ឋខាងលើ បើទោះបីជា បុគ្គលជា គួង អស់សិទ្ធក្នុងការប្រមូលសំរាមក៏ដោយ ក៏មិនអោយបុគ្កលនេះ រួចខ្លួនពីការទទួលខុសត្រូវការបំពុលបរិស្ថាននេះដែរ និងសូមឱ្យបុគ្គលជាគង់អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ៕