រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពីការជ្រើសរើសក្របខណ្ឌថ្មី សម្រាប់បំពេញឲ្យបញ្ជាការដ្ឋានអង្គរក្ស ដោយអនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសក្របខណ្ឌថ្មីចំនួន ២០៩នាក់។ ការសម្រេចនេះ គឺយោងតាមសំណើរបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ដែលទើបតែធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រកាស១៖ អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសក្របខណ្ឌថ្មីចំនួន ២០៩នាក់ (ពីររយប្រាំបួននាក់) សម្រាប់បំពេញក្របខណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមជម្រាបថា បញ្ជាការដ្ឋានអង្គរក្សបច្ចុប្បន្នដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាមេបញ្ជាការ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងត្រូវជាកូនប្រុសច្បងនាយករដ្ឋមន្ត្រី ជាមេបញ្ជាការរង៕