កម្លាំង​នគរបាល​ក្រុង​សៀមរាប ចុះ​បង្ក្រាបឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ​ករណី​ចែកចាយ​រូបភាព និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត
-

សៀមរាបៈ កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ក្រុង​សៀមរាប ក្រោម​ការ​ដឹកនាំ​សម្របសម្រួល នីតិវិធី​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​រូបភាព និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ក្នុង​ទីតាំង​ចំនួន​៣​ផ្សេង​គ្នា។ 

ដោយទីតាំង​ទី​១.​ផ្ទះ​លេខ​ E២១​ បុរី​អាក់​ខេត ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​ម្នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន។ ទី​២.ផ្ទះ​វីឡា​ជួល ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​៥​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​។ និង​ទី​៣.បន្ទប់​លេខ​៣០៥ ផ្ទះសំណាក់​មហា​មាន ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ឃាត់ខ្លួន​មនុស្ស​៣​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន។ ក្នុងនោះឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់។

ជនសង្ស័យ​ជា​ជនជាតិ​ចិនទាំង​៩​នាក់ ដែល​ឃាត់ខ្លួនមាន​ទី​១ឈ្មោះ PAN ZHIFU ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៨។ ទី​២ឈ្មោះ HUANG XINFA ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៩៥។ ទី​៣​ឈ្មោះ HUANG FULONG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩១។ ​ទី​៤​ឈ្មោះ WEI JIBO ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦។ ទី​៥​ឈ្មោះ GU SHENGFENG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៨។ ទី​៦​ឈ្មោះ LI WEIMING ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៣។ ទី​៧​ឈ្មោះ PAN XIADONG ភេទ​ប្រុស កើត​ឆ្នាំ១៩៨៧។ ទី​៨​ឈ្មោះ PAN ZONGJI ភេទ​ប្រុស កើត​ឆ្នាំ​១៩៨២ និង​ទី​៩​ឈ្មោះ​DAI GUANGQIANG ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៤។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៩​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕