បែកចង់ជាប់គុកហើយមើលទៅ ការងារល្អៗក្នុងសង្គមម៉ាគនរ បែរជាទៅធ្វើចោរ... លួចម៉ូតូ២គ្រឿងបានសម្រេច គេចខ្លួនបាន១ថ្ងៃ សមត្ថកិច្ចតាមចាប់ខ្លួនបានម្នាក់
-

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ស្រាវជ្រាវរហូតដល់តាមចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូចំនួន២គ្រឿង ក្នុងទីតាំងតែមួយ បានសម្រេចហើយគេចខ្លួនបាន១ថ្ងៃ ចាប់ខ្លួនបានតែម្តង កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ភូមិស្រៃជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ សូ លីដា ហៅ អាស្វិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល លេខ អា០៩ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មាន២នាក់ ទី១ ឈ្មោះ ថុល ធឿន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល លេខ២៥ ជាន់ទី៤ បុរី ប៊ុន ហួ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ជាមកចាស់ម៉ូតូ ម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FP-0519 ។ ទី២ ឈ្មោះ ឈាល ហាវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួលលេខ២៣ ជាន់ទី៤ បុរី ប៊ុន ហួ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ជាម្ចាស់ម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D-6805 ។

តាមសម្តីជនរងគ្រោះទាំង២នាក់ បានឲ្យដឹងថា ម៉ូតូរបស់ពួកគាត់ បានចតចាក់សោទ្ក នៅក្នុងបន្ទប់មួយ ខាងក្រោម រាល់ថ្ងៃ ហើយនៅយប់ថ្ងៃទី០៨ ខែធ្នូ ម៉ូតូចត ទុក ចាក់សោ ត្រឹមត្រូវ ក្នុងបន្ទប់ហើយនាំគ្នាឡើងដកសម្រាក រៀងខ្លួន ស្រាប់តែនៅព្រឹក ថ្ងៃទី០៩ ខែធ្នូ ភ្ញាក់ក្រោកពីដំណេក ចុះមករកម៉ូតូ ស្រាប់តែបាត់ ជនសង្ស័យលួច ២គ្រឿងទៅបាត់ រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះ កម្លាំងនគរបាល ធ្វើការស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញាបាន នៅរសៀលថ្ងៃទី១០ ខែធ្នូ នេះ កម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញចុះ ទៅបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ ហើយរកឃើញម៉ូតូទាំង២គ្រឿង របស់ជនរងគ្រោះ និងគ្រឿងម៉ូតូ សម្ភារៈមួយចំនួនទៀត ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យ នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធី ៕

ដោយៈ ភារ៉ា