ប៉ោយប៉ែតៈ កាលពីវេលាម៉ោង១៦ៈ០០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី អំពើហិង្សា និងធ្វើទារុណកម្មលើកូនបង្កើត ដែលប្រព្រឹត្តកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដោយមើលឃើញព័ត៌មានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដែលបង្ហាញវីដេអូរបស់កុមារារងគ្រោះមានឈ្មោះ ធី នុល ហៅ ប៉ូយ អាយុ៤ឆ្នាំ ត្រូវឪពុកវាយធ្វើបាប បង្ខំឲ្យដើរសុំទានតាមផ្សារ និងទីប្រជុំជននានាក្នុងក្រុងប៉ោយប៉ែត។ លោកបានរាយការណ៍ជូនលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍ចុះអនុវត្តតាមនីតិវិធី។

បន្ទាប់ពីទទួលបានការអនុញ្ញាត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ុ រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ដើម្បីយកមកសាកសួរ។ ក្រោយពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ ចំណែកកុមាររងគ្រោះ កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជូនទៅជីដូនបង្កើតរបស់កុមាររងគ្រោះ មានឈ្មោះ សោម សារ៉េត អាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕


