គូស្នេហ៏វ័យចំណាស់មួយគូ ស្រលាញ់គ្នា៥ឆ្នាំ រស់នៅជាមួយគ្នាបាន១ឆ្នាំ ស្រាប់តែខាងប្រុសលួចខ្សែដៃ​ផ្លាក​ទីន១ដំឡឹង និង​លុយ​ចំនួន៥០០ដុល្លារ ទៅ​បាត់​ជាង២ឆ្នាំ​ រហូតដល់....
-

ភ្នំពេញៈ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ហាង​កាហ្វេ ទល់មុខ​ផ្សារ​ពោធិ៍ចិនតុង ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយអតីត​គូស្នេហ៍​វ័យ​ចំណាស់​មួយគូ បន្ទាប់ពី​ពួកគេ​បាន​ស្គាល់គ្នា​រយៈពេល​ជាង៥ឆ្នាំ រហូត​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា និងបានរស់នៅជាមួយគ្នា​រយៈពេល​ជាង១ឆ្នាំរួចមក​ ពួកគេក៏​រស់នៅមិន​ចុះសម្រុង​នឹង​គ្នា មិនតែប៉ុណ្ណោះ​ខាង​ប្រុស បាន​យកលុយ​ខ្សែដៃ​ផ្លាក​ទីន១ដំឡឹង និង​លុយ​ចំនួន៥០០ដុល្លារ ទៅ​បាត់​ជាង២ឆ្នាំ​ថែម​ទៀតផង រហូតមកដល់​សព្វថ្ងៃ។

ស្រាប់តែ​ថ្ងៃម្សិលមិញនេះ ស្ដ្រី​ជា​គូស្នេហ៍ ក៏បាន​ឃើញ​បុរស​កំហូច​ដោយ​ចៃដន្យ នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង ស្ថិត​នៅមុខ​ផ្សារ​ពោធិ៍ចិនតុង ភ្លាមៗនោះរូបនាង​ក៏បាន​ស្ទុះ​ទៅ​ក្របួច​កអាវ ដើម្បី​ទា​លុយនិង​ខ្សែដៃ​នោះមក​វិញ ធ្វើ​ឲ្យ​មាន​ការប្រតាយប្រតប់គ្នា ផ្អើល​ពេញ​ហាង​កាហ្វេ និង​ផ្សារ​ពោធិ៍ចិនតុង និង​ត្រូវ​នាង​ប្រតាយ​បាន​សោរ​ឡាន ចាក់​ចំក្បាល​អតីត​គូរ​ស្នេហា​ឈាម​ក្បាល​ថែម​ទៀតផង។

បុរស​រូបនោះ មានឈ្មោះ នុ​ន ផល្លា អាយុ៤៨ឆ្នាំ មាន​ស្រុកកំណើត នៅ​ស្រុក​ស្វាយ​អ​ន្ទោ ខេត្តព្រៃវែង មានមុខ​របរ​រត់​តាក់ស៊ី បច្ចុប្បន្ន​រស់នៅក្នុង​បុរី «លឹម ឈាង​ហាក់» ក្នុង​ខណ្ឌដង្កោ។ ចំណែក​ខាង​ស្ត្រី​ឈ្មោះ ស៊ិន សុខ​ជូរ អាយុ៤៣ឆ្នាំ មុខរបរ​លក់​កា​ហ្វ​នៅ​ផ្សារ​ពោធិ៍ចិនតុង។

បើតាម​សាមីខ្លួន​ស្ត្រី ឈ្មោះ ស៊ិន សុខ​ជូរ បាន​ឲ្យ​ដឹងថា ដំណើររឿង​នៅមុន​ពេល​កើតហេតុ រូបនាង​ជា​ម្ចាស់​ហាង​លក់​កាហ្វេ នៅក្នុង​ផ្សារ​ពោធិ៍ចិនតុង ហើយ​បុរស​ឈ្មោះ នុ​ន ផល្លា នោះ​ជា​ម៉ូយ​ផឹក​កាហ្វេ​ជាប្រចាំ ជា​រៀងរាល់ថ្ងៃ។

ស្ត្រី​ខាងលើ បាន​បន្តថា លុះដល់​ក្រោយមក រយៈពេល២ឆ្នាំ រូបនាងនិង​បុរស​ឈ្មោះ នុ​ន ផល្លា​នោះ បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា អស់​រយៈពេល​ជាង១ឆ្នាំ រូបនាង និង​បុរស​កំណាន់ នុ​ន ផល្លា​នោះ បានរស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ពួកគេ​ក៏បាន​ចែកផ្លូវ​គ្នា​តែម្តង។

ស្ត្រី​រូបនោះ បាន​បន្ថែមទៀតថា ក្រោយពេល​រូបនាង និង​បុរស​ជា​អតីត​គូស្នេហ៍ បាន​យក​ខ្សែដៃ​ផ្លាក់​ទីន របស់​នាង១ដំឡឹង និង​លុយ​ចំនួន៥០០ដុល្លារ ទៅជា​មួយ​គេចខ្លួនបាត់​ជាង២ឆ្នាំ​មកហើយ។ ខណៈ​មកដល់​វេលាម៉ោង​កើតហេតុ រូបនាង​បានឃើញ​បុរស​កំហូច ដែលជា​អតីត​គូរ​ស្នេហ៍ កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅមុខ​ផ្សារ​ពោធិ៍ចិនតុង​ធ្វើ​ព្រងើយ។

ពេលនោះ រូបនាង​បាន​ចូលទៅ​ក្របួច​ក្រ​អាវ ដើម្បី​ទា​លុយ និង​ខ្សែដៃ​មកវិញ ទើបបាន​បង្ក​ទៅជា​ការប្រតាយប្រតប់គ្នា ទៅមក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មនុស្ស​ម​ន្នា ពេញ​ហាង​កាហ្វេ និង​ផ្សារ​ចិន​តុង ហើយ​បុរស​នោះ បាន​ទៅ​ក្លៀក​នាង​ជាប់ រួច​នាង​ក៏បាន​ប្របេ​ប្រ​បា​ចាប់បាន​សោរ​ឡាន ចាក់​ចំក្បាល​អតីត​គូរ​ស្នេហ៍​ចំក្បាល បណ្តាល​ឲ្យ​រង​បួស​ស្រាល។ ភ្លាមៗនោះ នគរបាល​ប៉ុស្តិ៍​កា​កាប១ បាន​ចុះទៅ​អន្តរាគមន៍​ឃាត់ និង​នាំ​ពួកគេ​ទាំង២ មក​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​តែម្តង។

ស្ត្រី ឈ្មោះ ស៊ិន សុខ​ជូរ បាន​បន្តថា បុរស​ជា​អតីត​គូរ​ស្នេហ៍ បាន​យកលុយ និង​ខ្សែដៃ​នាង​រត់គេចខ្លួន ហើយ​នោះ​ពេល​នាង​បាន​ព្យាយាម ខ​ល​ទៅ​ទាមទា​លុយ និង​ខ្សែដៃ​មកវិញ។ ប៉ុន្ដែ​បុរស​នោះ បាន​និយាយថា មិន​សង​នោះឡើយ ចង់ទៅ​ប្តឹង​ណា​ប្ដឹងទៅ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​គំរាមកំហែង ដល់​អាយុជីវិត​នាង​ទៀង​ផង។

ដោយ​ស្ត្រី​ខ្ជិល​វែងឆ្ងាយ ក៏បាន​ព្រមព្រៀង​យល់ព្រម មិន​យកលុយ និង​ខ្សែ​នោះទេ តែ​ឲ្យ​នគរបាល​ជួយ​ធ្វើ​កិច្ចសន្យា​ទៅ​បុរស​ឈ្មោះ នុ​ន ផល្លា ដើម្បី​រក្សា​ការពារ​ខ្លួន នៅពេល​ក្រោយពី​ការគំរាមកំហែង របស់​អតីត​គូរ​ស្នេហ៍​នោះ​ទៀត​ផងដែរ ៕