ភ្លើងប្រច័ណ្ឌស្នេហ៏វ័យចំណាស់ ទាញញញួរវាយក្បាលបុរសម្នាក់ រងរបួសធ្ងន់ធ្ងរ
-

កណ្ដាលៈ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ ស្ថិតនៅត្រង់ចំណុច​ភូមិ​ទ្រាំង​ក្រោម ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសចំណាស់ម្នាក់ មានឈ្មោះ ឡា​ច សាមឿន ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ រាជធានី​ភ្នំពេញ។ បានទាញញញួរវាយក្បាលបុរសម្នាក់ទៀត មានឈ្មោះ នូ គង់ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​ចាន់​រ៉ា ឃុំ​ស្ពឺ​ខ ស្រុក​បាភ្នំ ខេត្តព្រៃវែង។ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែភ្លើងប្រច័ណ្ឌ។

បើតាមសម្ដីសមត្ថកិច្ចបានអោយដឹងថាៈ កន្លងមក​ឈ្មោះ ឡា​ច សាមឿន និង​ឈ្មោះ ស្រេង ចាន់​ថូ ស្រឡាញ់គ្នា និង​រួមរស់​ដូច​ប្តី​ប្រពន្ធ ដោយ​ស្នាក់នៅ​ផ្ទះជួល ជាមួយគ្នា​នៅ​រាជធានី​ភ្នំពេញ ក្រោយមក​រស់នៅ​មិន​ចុះសម្រុង​គ្នា និង​បាន​មានទំនាស់​គ្នា ឈ្មោះ ស្រេង ចាន់​ថូ បានមក​ស្រឡាញ់​ឈ្មោះ នូ គង់ ហើយ​នាំគ្នា​មក​រស់នៅ​ភូមិ​ទ្រាំង​ក្រោម ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ លុះដល់​វេលា​ថ្ងៃកើតហេតុ ឈ្មោះ ឡា​ច សាមឿន បាន​ជិះ ម៉ូតូឌុប​ចេញពី​ភ្នំពេញ មក​ភូមិ​ទ្រាំង​ក្រោម ឃុំ​តា​ឯក ដោយ​យក​ញញួរ មកជា​មួយ​ផង ពេលមកដល់​ផ្ទះ​ជនរងគ្រោះ ដោយ​ឃើញ​ឈ្មោះ ស្រេង ចាន់​ថូ និង​ឈ្មោះ នូ គង់ នៅ​ជាមួយគ្នា ឈ្មោះ ឡា​ច សាមឿន មាន​ភាព​ប្រច័ណ្ឌ ក៏​យក​ញញួរ​ទៅ​វាយ​លើ​ឈ្មោះ នូ គង់ បណ្តាល​ឲ្យ​មាន​របួស​លើ​ថ្ងាស ១កន្លែង កញ្ចឹងក០១កន្លែង និង​ជង្គង់​ឆ្វេង ០១ កន្លែង ឃើញ​ដូច​នោះ អ្នកជិតខាង​បាន​ឃាត់​បំបែកចេញ​ពីគ្នា ៕