នារីវ័យក្មេងម្នាក់ បើរបរក្នុងស្ថានភាពស្រវឹងជោកជាំ ជ្រុលទៅបុក​គូទ​រថយន្ដស៊ិនទ្រី​ពី​ក្រោយ ​បណ្ដាលឲ្យអ្នក​ប្រមូល​សំរាម​ម្នាក់​រងរបួស​ធ្ងន់
-

ភ្នំពេញៈ កាលពីវេលា​ម៉ោង​១យប់ ​ឈានចូលថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ឬស្សីកែវ ​ខណ្ឌ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ​។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយស្ត្រីស្រស់ស្អាតម្នាក់ បាន​បើក​រថយន្ត​ស៊េរី​ទំនើប ​ទៅ​បុក​គូទ​រថយន្តប្រមូលសំរាម​ស៊ិនទ្រី​ពី​ក្រោយ ​បណ្ដាលឲ្យអ្នក​ប្រមូល​សំរាម​ម្នាក់​រងរបួស​ធ្ងន់ រីឯរថយន្តបង្កវិញរងការខូចខាតយ៉ាងដំណំ។

ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ​ម៉ាក ​Land​ Cruiser​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AV-9595 ដែល​បើក​បរ​ដោយ​ស្ត្រី​ម្នាក់​ស្រវឹង​ ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ​លុះ​មក​ដល់​ចំណុច​ជិតស្ថានីយប្រេង​សូគីមិច ​រថយន្ត​ខាង​លើ​បាន​រេ​ចង្កូត​​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ស៊ិនទ្រី​ ដែល​កំពុង​ឈប់​ប្រមូល​សំរាម​ ចំ​ហៀង​ខាង​ស្ដាំ​បណ្ដាយ​ឲ្យ​បុគ្គលិក​ស៊ិនទ្រី​ម្នាក់​ បាន​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត​យរង​របួស​ធ្ងន់​។ ចំ​ណែកឯ​រថយន្ត​បង្ក​​វិញ​បានក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារ​ជើង​រង​ការ​ខូចខាត​រថយន្ត​ស្ទើរ​តែ​ទាំង​ស្រុង​ តែ​សំណាង​ល្អ​អ្នក​បើក​បរ​មិន​រងរបួស​ឡើយ​​។

ភ្លាមៗ​នោះ​បុគ្គលិក​ស៊ីន​ទ្រី​ម្នាក់​ ដែល​រងរបួស​ធ្ងន់ ​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​យក​ទៅ​សង្គ្រោះ​ នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរចារណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕