ភ្នំពេញៈ ករណីផ្ទុះអាវុធចំនួន៤គ្រាប់ ដែលបណ្ដាលឱ្យកូនប្រុស លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន រងរបួសចំជើងនោះ បាននាំឱ្យមានការជជែកបកស្រាយយកត្រូវរៀងៗខ្លួន ធ្វើឲ្យភាគីរងគ្រោះបញ្ជាក់ថានឹងដាក់ពាក្យប្ដឹង។ ទោះបែបនេះក្ដី ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់មូលហេតុច្បាស់ និងប្រាប់ថាដោះស្រាយបញ្ចប់រឿងហើយ។

ក្នុងករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ករណីបានដោះស្រាយបញ្ចប់រួចរាល់អស់ហើយ។ ហើយលោកក៏បានលើកឡើងអំពីមូលហេតុថា គ្មានកម្លាំងសមត្ថកិច្ចណានៅសុខៗដើរបាញ់នោះទេ រឿងហ្នឹងគឺផ្តើមចេញពីការហូបចុកហើយ គាត់មានអាវុធនៅនឹងខ្លួន ទោះបីជាគាត់មានសំបុត្រស្នាមប្រើប្រាស់ក៏ដោយ ហើយគាត់ដកសម្ញែងបង្ហាញធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយពលរដ្ឋក៏បានប្តឹងមកដល់សមត្ថកិច្ចខណ្ឌដង្កោ។

ភ្លាមៗនោះសមត្ថកិច្ចនគរបាលក៏ចុះទៅក្នុងកិច្ចប្រតិបតិ្តការ នៅពេលដែលចុះក៏មិនបានដឹងថា គាត់នឹងជាកងកម្លាំងដែរទេ ហើយគាត់ក៏បានជិះម៉ូតូរត់ទៅ សមត្ថកិច្ចក៏ដេញតាមហើយបានបាញ់ឡើងលើដើម្បីឲ្យគាត់ឈប់ តែគាត់ក៏មិនឈប់ទេ ហើយថែមទាំងក៏ដកអាវុធពីចង្កេះគាត់ទៀត ។ ពេលនោះសមត្ថកិច្ចក៏បាញ់ដីប៉ុន្មានគ្រាប់ទៀត ក៏ខ្ទាត់ផ្លាតគ្រាប់ត្រូវភ្លៅគាត់ទៅ ។ ហើយរឿងនេះក៏បានដោះស្រាយបញ្ចប់ផងដែរ មិនមានការប្តឹងផ្តល់អ្វីទេ។
ទោះបីជាមានការបញ្ជាក់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បែបនេះក្ដី បើតាមប្រភពបានបង្ហើបឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន មេបញ្ជាការកងអនុសេនាធំការពារផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតក៏បានបញ្ជាក់ថា លោកនឹងប្តឹងករណីបាញ់មកលើកូនប្រុសរបស់លោកដោយគ្មានកំហុសទៅតុលាការ ។ បើទោះបីជាមានវត្តមានលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌដង្កោ បានចុះទៅសួរសុខទុក្ខកូនប្រុសគាត់ដល់មន្ទីរពេទ្យក៏ដោយ លោកមិនអត់ឱនឲ្យបានទេ ។

បើតាមប្រភពពីអធិការរងខណ្ឌបាននិយាយថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋថា មានមនុស្សមួយក្រុមបានអាម៉េកាំភ្លើងបង្អួតគ្នានៅក្នុងហាងម្លប់ស្វាយ ពេលនោះលោកក៏បានបញ្ជាឲ្យកម្លាំងចុះត្រួតពិននិត្យមើល ហើយឲ្យមានការប្រុងប្រយ័ត្នផង ព្រោះគេមានអាវុធ ។ ពេលនោះគេមិនឈប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យទេ ព្យាយាមជិះម៉ូតូរត់រហូតដល់មុខផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ តាមច្រកតូចសមត្ថកិច្ចក៏បាញ់ឡើងលើ៤គ្រាប់ ជនសង្ស័យក៏ដកកាំភ្លើងតែមិនបានបាញ់ទេ សមត្ថកិច្ចក៏បាញ់ផ្ជុចដីក៏ផ្លាតគ្រាប់ត្រូវភ្លៅតែម្តងទៅ៕


