ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ ប្ដីប្រពន្ធ២នាក់ មានឈ្មោះ CLIVE ROBERT KING SLEY អាយុ៦៩ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិត ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥១៨ និងស្ត្រីជាប្រពន្ធមានឈ្មោះ ជា សុខធី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទទិញពេស្យាចារកុមារ និងបទអូសទាញពេស្យាចារកុមារ។

ក្នុងនោះសាលក្រមតុលាការ បានបង្គាប់ឲ្យជនត្រូវចោទ សងជំងឺចិត្តទៅឲ្យកុមារី ជាជនជាតិវៀតណាម ចំនួន៣នាក់ ក្នុងទឹកប្រាក់សរុបចំនួន១២,០០០ដុល្លារ តែក្មេងស្រីម្នាក់ផ្សេងទៀត មិនទាមទារសំណងជំងឺចិត្តអ្វីឡើយ។ ហើយសាលក្រមនេះ បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើជនជាប់ចោទកើតទុក្ខមិនសុខចិត្តនិងផ្ដន្ទាទោស។
លោក រ៉ូបឹត និងជា សុចាន់ធី ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់ពួកគេក្នុងសង្កាត់ទួទំពួង១ ខណ្ឌចំការមន ជាមួយនឹងកុមារីវៀតណាម៤នាក់។ ពួកគេជួលបន្ទប់ខុនដូក្នុងខណ្ឌចំការមនស្នាក់នៅ តែបុរសជាប្តីឧស្សាហ៍ចេញ-ចូលក្រៅប្រទេស។ ក្រោយមកបុរសជាប្តីក៏មានគំនិតឲ្យប្រពន្ធដើររកទាក់ទងកុមារអាយុក្រោម១៥ឆ្នាំ ដើម្បីយកមកចិញ្ចឹមធ្វើជាកូនធម៌ និងផ្តល់ការរៀនសូត្រដល់ពួកគេ ប៉ុន្តែក្រោយមកត្រូវកុមារទាំងនោះ បានរងគ្រោះ ដោយបុរសនោះប្រើប្រាស់លុយកាក់ទាក់ទាញទឹកចិត្តជាថ្នូរនឹងការរួមភេទ។

បើតាមពាក្យការបំភ្លឺពីសំណាក់កុមាររងគ្រោះ ក៏ដូចជាចម្លើយជនសង្ស័យបានឲ្យសមត្ថកិច្ចដឹងថា ជនជាតិអង់គ្លេសរូបនោះ បានលួងលោមទិញពេស្យាចារកុមាររួមភេទម្តងតម្លៃ២ពាន់ ទៅ៣ពាន់ដុល្លារអាមេរិក ហើយក្នុងនោះស្ត្រីជាប្រពន្ធក៏ទទួលបានផលពីកុមារម្នាក់១ពាន់ដុល្លារអាមេរិកដែរ។ នៅក្នុងសវនាការអសាធារណៈកាលពីដើម ខែធ្នូ លោក រ៉ូបឹត និងប្រពន្ធ បានបដិសេធ ចំពោះការចោទប្រកាន់ ប៉ុន្តែអ្នកទាំង២គ្មានភស្តុតាង ដើម្បីដោះបន្ទុកនោះឡើយ ៕