ព្រះសីហនុៈ ក្រោយពីរងការរិះគន់ ពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសបុករួចមក នៅរសៀលថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋបាលក្រុងព្រះសីហនុ បានចាត់មន្ត្រីចុះអប់រំកន្លែងលក់ម៉ូតូនៅតាមផ្លូវអូរ១ អោយរៀបចំដាក់លក់មានសណ្តាប់ធ្នាប់របៀបរៀបរយ និងហាមមិនអោយយកចិញ្ចើមផ្លូវដាក់ម៉ូតូលក់ឡើយ។ ការចុះអប់រំពីមន្ត្រីធ្វើឡើង ក្រោយពីសង្កេតឃើញថា មានករណីយកផ្លូវបេតុងដែលទើបចាក់ថ្មីដាក់ម៉ូតូលក់ នៅផ្លូវអូរ១ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។

បើតាមមន្ត្រីដកស្រង់សម្តីពីម្ចាស់អាជីវកម្មលក់ម៉ូតូ ដែលដាក់ម៉ូតូលក់លើផ្លូវបេតុងនេះ រៀបរាបថា ដាក់ជាបណ្តោះអាសន្នទេ ដោយសារផ្លូវមិនទាន់ធ្វើហើយ និងថាពេលផ្លូវធ្វើហើយ មិនមានការរៀបដាក់លក់លើផ្លូវបែបនេះទៀតឡើយ។ ទោះជាយ៉ាងនេះក្តី មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុបានតម្រូវអោយរើយកម៉ូតូចេញពីចំណែកផ្លូវបេតុងនេះវិញទោះជាលក្ខណៈបណ្តោះអាសន្នក៍ដោយ ដើម្បីកុំអោយប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈរបស់រដ្ឋ និងថាកន្លែងដ៍ទៃទៀតក៍ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ ហាមឃាត់មិនអោយយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរឬចតយានយន្តឥតសណ្តាប់ធ្នាប់ជាដាច់ខាត៕




