យ៉ាងហោចណាស់ មានមនុស្ស៧នាក់បានស្លាប់ និង៥០នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយសារតែផ្ទុះកាំជ្រួចផ្កាភ្លើងមួយ ក្នុងប្រទេសមិចសុីកូរ
-

ប្រទេសមិចសុីកូរៈ បើយោងតាមការឲ្យដឹង ពីមន្ត្រីក្នុងតំបន់បានប្រាប់ថា កាលពីថ្ងៃទី១១ ខែធ្នូ ថ្មីៗនេះ យ៉ាងហោចណាស់ មានមនុស្ស៧នាក់បានស្លាប់ និង៥០នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយសារតែផ្ទុះកាំជ្រួចផ្កាភ្លើងមួយ ដែលបានកើតឡើងនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា នៅព្រះវិហារ San Jose ក្នុងទីក្រុង Tequisquiapan ប្រទេសមិចសុីកូរ។ ហើយក្នុងហេតុការណ៏ដ៏អាក្រក់នេះដែរ ក៏មានកុមារអាយុ១១ឆ្នាំម្នាក់ ១២ឆ្នាំម្នាក់ បានស្លាប់ផងដែរ។

មន្រ្ដីដដែលបានបន្ដទៀតថាៈ ពលរដ្ឋដែលជាសាសនិក បាននាំគ្នាទិញកាំជ្រួច ឆ្ពោះទៅកាន់ព្រះវិហារ ​ San Jose ដើម្បីរៀបចំធ្វើពិធី​បុណ្យ ប៉ុន្តែស្រាប់តែមានបញ្ហាអ្វី​មួយខុសបច្ចេកទេស ទើបបណ្តាលឲ្យកាំជ្រួចទាំងនោះ ផ្ទុះឆេះកើតឡើង បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំង​ ពលរដ្ឋស្រែកស្លន់ស្លោ និងរត់យករួចខ្លួន​។ 

ពាក់ព័ន្ធនិងករណីគ្រោះថ្នាក់កាំជ្រួចផ្កាភ្លើងនេះ បានកើតឡើងជាច្រើនលើកច្រើនសារកន្លងមកហើយដែរ គឺកើតឡើងនៅខែកក្កដា​កន្លងមក បណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់ ដោយការផ្ទុះកាំជ្រួចផ្កាភ្លើង​នៅភាគកណ្តាលទីក្រុង Tultepec ​។ នៅខែធ្នូ ឆ្នាំ​២០១៦ នៅទីក្រុង​ Tultepec ​នោះដែរ ក៏មានគ្រោះថ្នាក់ដោយសារ ផ្ទុះកាំជ្រួចផ្កាភ្លើងសម្លាប់មនុស្ស៤២នាក់ ៕