ចេញពីផឹក ទាញកាំបិតដេញកាប់ប្រពន្ធកូន ផ្អើលពេញភូមិ នគរបាលក្រុងតាខ្មៅ ចាប់វ៉ៃខ្នោះ
-

កណ្ដាលៈ កាលពីវេលាម៉ោង១៧ៈ៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានករណីហិង្សាក្នុងគ្រួសារមួយ ដោយជនសង្ស័យម្នាក់ មានឈ្មោះ ស្រេង ពុត ភេទប្រុស អាយុ៥០ឆ្នាំ រីឯស្រ្ដីរងគ្រោះឈ្មោះ ហ៊ល ចាន់ធឿន ភេទស្រី អាយុ៥០ឆ្នាំ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះ ត្រូវជាប្ដីប្រពន្ធនឹងគ្នា រស់នៅភូមិឃុំខាងលើ។ ចំណែកវត្ថុតាងដកហូតបាន មានកាំបិតប៉័ងតោចំនួន១ និងកូនកាំបិតចុងស្រួចចំនួន១។

ប្រភពបានឲ្យដឹងថា កន្លងមកជនសង្ស័យតែរករឿង ជេរប្រមាថប្រពន្ធកូន និងបំផ្លាញទ្រព្យសម្បត្ដិនៅក្នុងផ្ទះទៀតផង ខណៈដែលស្រវឹងស្រាម្ដងៗ រហូតប្រពន្ធប្ដឹងសមត្ថកិច្ចនគរបាលឲ្យចាប់ខ្លួនដាក់ពន្ធនាគាម្ដងរួចមកហើយ ទើបតែចេញពីពន្ធនាគាជាងមួយខែនេះទេ ។ លុះមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យ(ជាប្ដី)ខាងលើបានទិញស្រាយកមកផឹករហូតដល់ស្រវឹងជោគជាំ បានបែកគំនិតរករឿង ជេរប្រមាថ ប្រពន្ធកូនម្ដងទៀត មិនត្រឹមតែប៉ុណ្ណោះថែមទាំងយកកាំបិតដេញកាប់ដេញចាក់ប្រពន្ធកូនរបស់ខ្លួនទៀតផង ជាហេតុធ្វើឲ្យប្រពន្ធកូនមានការភិតភ័យ រហូតមកដល់ថ្ងៃទី១៩ ខែឆ្នាំដដែល ទើបសម្រេចដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកឫស្សីដើម្បីចាប់ខ្លួន ។

ក្រោយពីសមត្ថកិច្ចនគរបាលទទួលបានពាក្យបណ្ដឹងពីស្រ្ដីរងគ្រោះរួច ភ្លាមនោះកម្លាំងនគរបាលបានចុះចាប់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕