ហាងម៉ាស្សាកោជប់ ១០,០០០រៀល នៅម្តុំវត្តភ្នំរីកដូចផ្សិត និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
-

ភ្នំពេញៈ៖ កំណើន​ហាង​ម៉ាស្សា​កោស​ជប់​តម្លៃ​១០,០០០​រៀល​ បាន​ដុះ​រីក​ឡើង​ដូច​ផ្សិត​នៅក្នុង​សង្កាត់​ស្រះចក ចាប់ពីតំបត់រម្មណីយដ្ឋានវត្តភ្នំរហូតដល់គោលស្ពានជ្រោយចង្វា ដែលស្ថិតនៅក្នុងខណ្ឌដូនពេញ សេវាកម្មម៉ាស្សាកោសជប់នេះកំពុងតែ​ត្រូវចិត្ត​ពី​សំណាក់​ក្រុម​អ្នកដើរ​លេង​យប់​និង​មាន​បង្កប់​សេវា​ផ្លូវភេទ​ថែម​ទៀតផង។​

​មិនដឹងថា តើ​ហាង​ម៉ាស្សា​កោស ជប់​ណាមួយ មាន​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវភេទ ឬ​អត់​នោះឡើយ​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា ដែល​បាន​កើតឡើង​ក្នុងពេល​កន្លងមក​ជាប​ន្ត​បន្ទាប់​នោះ​ គឺ​ហាង​ទាំងនោះ​តែងតែ​បន្លំ​លួច​លុយ​ភ្ញៀវ​ជា​ញឹកញាប់​ហើយ​មាន​ភ្ញៀវ​ជាច្រើន​នាក់​មកហើយ ដែល​បាន​រងគ្រោះ​ព្រោះ​ការ​លួច​លុយ ពេល​ចូល​ទៅដល់​ទីនោះ​។

​គេ​សង្កេតឃើញថា ចាប់ពី​រសៀលឡើងទៅ មាន​ពន្លឺភ្លើង​នៃ​ស្លាក​យីហោ​ "​កោស​ជប់​ម៉ាស្សា តម្លៃ​១០.០០០​រៀល​" បាន​ភ្លឺ​ព្រោងព្រាត​ចាប់ពី​គល់ស្ពាន​ម្តុំវត្តភ្នំ រហូតដល់​គល់ស្ពានជ្រោយចង្វាព្រំប្រទល់​ខណ្ឌ​ឬស្សីកែវ។​ ដោយឡែក​ក្រុម​អ្នកដើរ​លេង​យប់ និង​អ្នកស្វែងរក​សេវា​កោស​ជប់​និង​ម៉ាស្សា​ក៏មាន​ជា​ហូរហែ​នៅតាម​ហាង​ម៉ាស្សា​កោស​ជប់​ទាំងនោះ​និង​មាន​អ្នកខ្លះ​ក៏បាន​ស្វែងរក​សេវា​ផ្លូវភេទ​នៅ​ទីនោះ​ផងដែរ​។

​ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នករកស៊ី​បើកហាង "ម៉ាស្សា​កោស​ជប់​តម្លៃ​១០,០០០​រៀល​" ទាំងនោះ ក៏​មិនមែន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះដែរ ។​ តែ​ក៏មាន​មួយ ចំនួន​ធំ​ផងដែរ​ដែល​រកស៊ី​តាម​ទុច្ចរិត ពួកគេ​បានរៀបចំ​សេណារីយោ ត្រូវដង​ត្រូវផ្លែ​គ្នា​រវាង​ថៅកែ​ហាង ជាមួយ​ស្ត្រី​ដែលជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុងនោះ​ក្នុងការ​លួច​លុយ​ភ្ញៀវ​ឬក៏​បន្លំ​យកលុយ​សែន​ដូរ​យកលុយ​ពិតប្រាកដ​របស់​ភ្ញៀវ​ជា​ហូរហែ​។​

​ដូច្នេះ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​គួរតែមាន​ចំណាត់ការ​ទៅលើ​ក្រុម​អ្នករកស៊ី​បែប​ទុច្ចរិត​នោះ​ផង​ ដើម្បី​សុវត្ថិភាព​របស់​អ្នក​ដែល​ចូលទៅ​កាស​ជប់​ម៉ាស្សា​នៅ​ទីនោះ​ហើយ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​ខាងលើ​កើតឡើង​នោះ​។​ អាជ្ញាធរ​គួរតែ​ហៅ​ម្ចាស់​ហាង​ទាំងនោះ​ឲ្យ​ធ្វើ​កិច្ចសន្យា​រកស៊ី​ឲ្យ​បាន​ត្រឹមត្រូវ​និង​ទទួលខុសត្រូវ​នៅពេល​មានរឿង​ខាងលើ​កើតឡើង​។​ មិនតែប៉ុណ្ណោះ​ប្រសិនបើ​មានរឿង​លួច​លុយ​ភ្ញៀវ​កើតឡើង ឬ​មានការ​បម្រើសេវា​ផ្លូវភេទ​នៅក្នុង​នោះ គួរតែ​ធ្វើការ​ចាប់ខ្លួន​ពួកគេ ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការ យោគយល់​ឬ​លើកលែង​ឡើយ​។​

​ដោយឡែក​អ្នក​ដែល​ចូលចិត្ត ចូលទៅ​កាន់​កន្លែង​ទាំងនេះ គួរតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ទ្រព្យសម្បត្តិ របស់ខ្លួន​ដូចជា​ម៉ូតូ​ជាដើម ព្រោះ​នៅក្នុង​ហាង​ទាំងនោះ​គ្មាន​សន្តិសុខ​យាម​ទេ ហើយ​កុំ​ពឹង​ក្រុម​នារី​កោស​ជប់ ស្រួល​មិន​ស្រួល​អាច​ស៊ីដាច់​ម៉ូតូ​បាត់​ទៀត​។

​មួយទៀត​កាបូប​លុយ​ឬ​គ្រឿងអលង្ការ​ផ្សេងៗ​ព្រោះ​ក្រុម​អ្នករកស៊ី​កោស​ជប់​ម៉ាស្សា​ទាំងនោះ​គឺជា​ក្រុម​ដៃ​ស្អិត​តែងតែ​យកលុយ​ក្លែងក្លាយ​ទៅ​ប្តូរ​យកលុយ​ភ្ញៀវ ដល់ពេល​ដឹងថា​បាត់ មិនដែល​យកបាន​មក​វិញ​ទេ មានតែ​ការ​ខូច​តែ​ឈ្មោះ​និង​ខ្មាស​គេ​ប៉ុណ្ណោះ ដូច្នេះ​កុំ​ប្រហែស​ឱ្យសោះ​។​

​តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ទីតាំង​ខាងលើ​ទាំងនេះ​បានធ្វើ​រកស៊ី​បែបនេះ​ជា​យូរ​មក ហើយៗ​ទីតាំងខ្លះក៏ធ្លាប់ត្រូវបានអាជ្ញាធរពាក់ព័ន្ធចុះបង្រ្កាបខ្លះដែរ តែមួយរយៈក្រោយមកក៏បើកដំណើរការធម្មតាវិញ ទោះបីសមត្ថកិច្ចបាន​ហៅ​មក​ព្រមាន និង​ធ្វើ កិច្ចសន្យា ឱ្យ​បញ្ឈប់​ការបន្លំ​លុយ​ភ្ញៀវ​ម្តងក៏ដោយ។

ជារឿយៗម្ចាស់​ហាង​ទាំងនោះ​នៅតែ​បន្ដ​ការបន្លំ​លុយ​ភ្ញៀវ​ដដែល ទោះបី​ជាមាន​ភ្ញៀវ​មកប្តឹង​សមត្ថកិច្ច​ជា​ញឹកញាប់​ក៏ដោយ តែ​បាន​មកវិញ​បានត្រឹមតែ​ភាពអាម៉ាស់​ប៉ុណ្ណោះ​៕

ដោយៈ ភារ៉ា