ភ្នំពេញៈ កាលពីវេលាម៉ោង១១ៈ២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ក្រោយពេលហេតុភាគីខាងរថយន្ដ សង់ជំងឺចិត្ត៧០០ដុល្លារ ដើម្បីបញ្ជាប់រឿង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមានរថយន្តមួយគ្រឿង ម៉ាករ៉េងរ៉ូវើ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-5555 បើកដោយជនជាតិចិនមួយក្រុម បោះពួយក្នុងល្បឿនលឿន មិនប្រយ័ត្នបណ្ដាលឲ្យទៅបុកយុវជនម្នាក់ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហា ហ្វីណូ ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BK-1435 បណ្តាលឲ្យខូចខាត មួយកំណាត់មុខ និងបែកម៉ាស៊ីនហូរប្រេងម៉ាស៊ីនពេញផ្លូវ និងបណ្ដាលឲ្យយុវជនជាអ្នកបើកម៉ូតូរបួសធ្ងន់។
ក្នុងហេតុការណ៍នោះដែរ ភ្លាមៗគេឃើញមានបុរសម្នាក់ ជាជនជាតិខ្មែរស្លៀកពាក់ស៊ីវិល សង្ស័យជាមន្ត្រីមានអំណាចម្នាក់ បានជិះរថយន្តស៊េរីទំនើបមួយគ្រឿង មកកាងមិនចង់សងជនរងគ្រោះ តែក្រោយពីមានការសម្របសម្រួល ពីខាងភាគីជនរងគ្រោះ ទើបភាគីខាងបង្ក ព្រមសងសំណងចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង ៕
