ភ្នំពេញៈ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ទីប្រជុំជន ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដែលបង្កឡើងដោយ មុខសញ្ញាឆក់២នាក់ ទើបចេញពីគុក មានឈ្មោះ បឿន រ៉ាម៉ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ និងឈ្មោះ ហាន ហាច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

មិនព្រមរកការងារធ្វើទេ បែរជាមិនរាងចាល ប្រព្រឹត្តិអំពើសង្គមស្អប់ខ្ពើម ចេញឆក់កាបូបស្ត្រីម្នាក់ មានឈ្មោះ ជា លីម ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កំពុងជិះម៉ូតូមកពីលេងផ្ទះបងប្អូន នៅម្តុំលូ៥ ត្រឡប់ទៅផ្ទះជួលភូមិទួលពង្រ តែនាងស្រែកឆោឡោ ផ្អើលកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ប្រដេញតាមចាប់ឃាត់ខ្លួនបានទាំង២នាក់។

មធ្យោបាយជិះធ្វើសកម្មភាព ម៉ូតូម៉ាកហុងដា ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១GL-4838 ជារបស់ជនសង្ស័យ។ ចំពោះទ្រព្យសម្បត្តិ ក្នុងកាបូបជនរងគ្រោះ មានប្រាក់ដុល្លារ១៥៣ដុល្លារ, ប្រាក់រៀល ៣០,០០០រៀល ,ទូរស័ព្ទដៃម៉ាក Techno មួយគ្រឿង និងកាបូបដៃក្រហម១ បានដកហូតពីជនសង្ស័យ និងបានប្រគល់ឲ្យជនរងគ្រោះវិញផងដែរ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំចាត់ការតាមនីតិវិធី ៕


