សូមប្រុងប្រយ័ត្នផង! នៅពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ ចាប់ពី​ដើមខែ​ឧសភា រហូតដល់​​ខែមិថុនា ជំងឺគ្រុនឈាម កំពុងវាយប្រហារមកលើកុមារ និងមនុស្សចាស់ ជិត៥០០នាក់ហើយ ក្នុងខេត្តមណ្ឌលគីរី
-

ខេត្តមណ្ឌលគិរីៈ កាលពីពេលថ្មីៗនេះ នៅពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ ចាប់ពី​ដើមខែ​ឧសភា រហូតដល់​ពាក់កណ្ដាល​ខែមិថុនា មាន​រយៈពេល​ជាង១​ខែ​មក​ហើយ និង​មាន​មនុស្ស​ក្មេង​ចាស់​ប្រមា​ណ​៥០០​នាក់ បាន​កើត​ជំងឺ​គ្រុនឈាម​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​នោះ​បានជា​សះស្បើយ​ជា​បន្តបន្ទាប់​ចំនួន​៤៤៦​នាក់។ ហើយមនុស្ស៤​នាក់ មាន​អាការ​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ កំពុង​សម្រាក​ព្យាបាល​ ក្នុង​មន្ទីរពេទ្យ​បង្អែក​ប្រមាណ​៥០​នាក់។

លោក​វេជ្ជបណ្ឌិត ទុ​យ ស្រស់ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ថ្លែង​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ​នៅ ខេត្តមណ្ឌលគិរី ធ្លាប់​​ផ្ទុះ​ឡើង​នូវ​ជំងឺគ្រុនឈាម​ម្ដង​រួចមក​ហើយ​ នៅ​ឆ្នាំ​២០១៦ ចំណែក​ឆ្នាំ​២០១៧-២០១៨ អត្រា​អ្នកជម្ងឺ​គ្រុនឈាម​មាន​តិចតួចប៉ុណ្ណោះ។ ប៉ុន្តែ​ជំងឺគ្រុនឈាម​បាន​ផ្ទុះ​ឡើង​ម្ដងទៀត នៅពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ។

លោក​វេជ្ជបណ្ឌិត ប៊ុ​ន សួ ប្រធាន​មន្ទីរ​សុខា​ភិ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​សុខា​ភិបាល​បាន​ចុះ​ដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​គ្រប់​តំបន់ និង​ណែនាំ​អំពី​វិធានការ​បង្ការ​ផង​ដែរ។ លោក​ក៏​សូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​កុំ​ឲ្យ​មាន​របស់​ដក់​ទឹក ដែល​ជា​ជម្រក​របស់​សត្វ​មូស និង​ត្រូវ​មក​មន្ទីរពេទ្យ​បង្អែក​ជួប​ជាមួយ​គ្រូពេទ្យ ករណី​សង្ស័យ​ថា ​មាន​ជំងឺគ្រុនឈាម ព្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​​​ខេត្ត មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​គ្រុនឈាម ដោយ​មាន​ទាំង​ធន​ធានមនុស្ស បច្ចេក​ទេស​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​មាន​ថ្នាំ​ច្រើន​ប្រភេទ​សម្រាប់​ប្រើប្រាស់ ជៀសវាង​ការ​ព្យាបាល​នៅ​ខាងក្រៅ ធ្វើ​រោគវិនិច្ឆ័យ​មិន​ត្រឹមត្រូវ ផ្ដល់​ថ្នាំ​ខុស អាច​ប៉ះពាល់​ដល់​អាយុជីវិត ឬ​អាច​ចំណាយ​ថវិកា​អស់​ច្រើន តែ​មិនជា​សះស្បើយ ៕