ភ្នំពេញៈ ហេតុការណ៍បាក់រលំអាគារ បានកើតឡើងនៅក្រុងព្រះសីហនុ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២៤ មិថុនា នេះ ចំនួនមនុស្សស្លាប់កើនឡើងដល់ទៅ២៥នាក់ហើយ និងមនុស្ស២៤ទៀតរងរបួស មកដល់ពេលនេះគឺសមត្ថកិច្ច និងកម្លាំងសង្គ្រោះបន្ទាន់ នៅតែបន្តការងាររុករកជាបន្តបន្ទាប់ទៀត ទាំងថ្ងៃទាំងយប់។
ដោយឡែក បើតាមគណនីផេកអង្គការខុមហ្វ្រែល បានបង្ហោះលើបណ្តាញសង្គមថា៖ “ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បញ្ចេញឯកសារណែនាំ លោក យន់ មីន ចៅហ្វាយខេត្តព្រះសីហនុ កុំឲ្យបំពានអនុក្រិត្យ។ សំណួរជាច្រើនឆ្ងល់ថា តើអ្នកមានអំណាចពិតជានរណា ឲ្យការសាងសង់ ដោយក្រុមហ៊ុនចិននោះ? ហេតុអ្វី លោក អភិបាលខេត្ត ក៌អាចអនុវត្ត អំណាចសមត្ថកិច្ចបែបនេះបាន? តើគាត់បានអំណាចនេះពីណា? ហេតុអ្វីជាក់ស្ដែង គាត់ក៌បានបញ្ជាក់ថា គាត់គ្មានអំណាច ទៅឃាត់ការសាងសង់របស់ ក្រុមហ៊ុនចិននោះផង?”។
គួរបញ្ជាក់ថា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៣ ជតុលា ឆ្នាំ២០១៨ បានស្នើរឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ឈប់ជាបន្ទាន់ ចំពោះការចេញលិខិតអនុញ្ញាតជាគោលការណ៍ ដល់ម្ចាស់សំណង់ឱ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច។ ក្នុងលិខិតដែលបានចុះហត្ថលេខាដោយលោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើរជូន លោក យន់ មីន អភិបាលខេត្តព្រះសីហនុ បានសរសេរថា៖ “ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការសាងសង់ខ្លះ ជិតរួចរាល់ទាំងស្រុងទៅហើយ ដោយពុំមានលិខិតអនុញ្ញាតសាងសង់” ៕