ខ្ញុំបាទ យន្ដ មីន៖ ខ្ញុំពិតជាមានការសោកស្តាយ និងសុំចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារនៃសព ខ្ញុំបានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសុំលាលែងចេញពីតំណែងអភិបាលខេត្តព្រះសីហនុ ហើយ....!
-

ខេត្តព្រះសីហនុៈ បងប្អូនបានដឹងហើយ ចំពោះហេតុការណ៍បាក់រលំអគារនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២កន្លងមក ធ្វើឲ្យមនុស្សជាច្រើន ត្រូវបាត់បង់ជីវិត ក៏ដូចជារងរបួស។ ក្នុងហេតុការណ៍រលំអគារនេះដែរ បានធ្វើឲ្យមហាជនជាច្រើន ក្នុងបណ្ដាញសង្គមហ្វេសបុក បានអំពាវនាវដល់រាជរដ្ឋាភិបាល ឲ្យដកដំណែងលោក យន្ដ មីន ចេញទៅពីដំណែង។

ជាក់ស្ដែង ប្រហែលជាប៉ុន្មាននាទីមុននេះ គណនីហ្វេសបុកផ្ទាល់របស់អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានបង្ហោះសារខ្លីមួយ សុំទោសចំពោះមហាជន ក៏ដូចគ្រួសារនៃសព និងជនរងគ្រោះ ដោយលោកបានសរសេរថា៖ "ខ្ញុំបាទសូមគោរពបងប្អូនអ្នកខេត្តព្រះសីហនុ ជាពិសេសបងប្អូនរងគ្រោះ ក្នុងហេតុការណ៍អគារ៧ជាន់រលំនាថ្ងៃទី២២ កន្លងមក ខ្ញុំពិតជាមានការសោកស្តាយ  និងសុំចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារនៃសព។ ខ្ញុំបានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសុំការអភ័យទោសពីលោក និងសុំលាលែងចេញពីតំណែងអភិបាលខេត្តព្រះសីហនុ។ ខ្ញុំបាទសុំការយោគយល់ពីបងប្អូនទាំងអស់ បើការដឹកនាំកន្លងមក មានការខុសឆ្គង ដោយប្រការណា១នោះ" ៕