សូមប្រុងប្រយ័ត្នផង! ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចកាបូបស្ពាយនិស្សិតម្នាក់ យកទៅបាត់ដោយសុវត្ថិភាព នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
-

ភ្នំពេញៈ កាលពីវេលាម៉ោង៦ៈ៣០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ត្រង់ចំណុចសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចកាបូបស្ពាយនិស្សិតម្នាក់ យកទៅបាត់ដោយសុវត្ថិភាព។

សម្ភារៈដែលបាត់បង់មានដូចជា៖ កុំព្យូទ័រមានយួរដៃមួយ (ពណ៌ទឹកប្រាក់) ១៣អ៊ីង អេក្រង់ឆ្កូត ជាប់លេខកូដសម្ងាត់ ទូរស័ព្ទមានពណ៌សលាយហ្គោល សេរី IPhone 6 Plus ស្រោមពីក្រៅពណ៌ទឹកប៊ិចក្រម៉ៅ ជាប់លេខកូដ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយ ប័ណ្ណបើកបររថយន្តមួយ កាតធនាគារមួយ និងឯកសារសាលាសំខាន់ផ្សេងៗទៀត។

ជនរងគ្រោះសូមណូមពរទៅដល់សមត្ថកិច្ចខណ្ឌទួលគោក ជួយស្វែងរកកាបូបស្ពាយកូនគាត់ផង ប៉ុន្តែគាត់មិនបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលទេ ព្រោះមិនចង់មានរឿងវែងឆ្ងាយ ៕