ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ មានឈ្មោះ អោក ធារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧៧ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទៅតុលាការ ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធករណីឆក់កាបូប មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ពេលកន្លងទៅ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៤ៈ៥៩នាទី កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំអធិការដ្ឋាននគរបាលស្រុកមោងឫស្សី និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភូមិម៉ាណោក ក្រុមទី៨ ឃុំតាលស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយដកហូតបានវត្ថុតាងមាន៖ អាវុធខ្លីម៉ាកBERETTA លេខ៤៨២០ ពណ៌ស បង់ចំនួន០១ គ្រាប់ចំនួន០៥គ្រាប់។
ជនសង្ស័យមានបក្សពួកមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបស្ពាយម៉ាកប៉េត្រូ ពណ៌ខ្មៅ មានអាវុធ០១ដើម និងប្រាក់ដុល្លារចំនួន ២,០០០ដុល្លារអាមេរិក) នៅចំណុចមុខឃ្លាំងលក់រថយន្តយីហោ សេង បូភក្រ ផ្លូវលេខ៥៩៨ ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល១៣ៈ១៥នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។ ក្រោយកើតមានសកម្មភាពឆក់នោះ សមត្ថកិច្ចចាប់បានបក្សពួកជនសង្ស័យមួយក្រុម យកទៅដាក់ពន្ធនាគាររួចហើយដែរ តែជនសង្ស័យរូបនេះ គឺសមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការ ៕