អានេះងាប់ទៅ កុំធ្វើបុណ្យឲ្យវា! គ្រាន់តែម្ដាយសួរនាំពីរឿង ទំនាស់ជាមួយប្រពន្ធ បែរជាខឹងរួចនិយាយថា ម៉េចផ្ទះហ្នឹង អញនៅអត់បាន អាណាខ្លាំង អញកាប់ឲ្យខ្ទេច...!
-

ខេត្ដកណ្ដាលៈ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ មានករណីហឹង្សាមួយ ដោយយុវជនម្នាក់ មានឈ្មោះ វិន ទិត្យ ហៅបាន ភេទប្រុស អាយុ២៤ឆ្នាំ។ មានទំនាស់ជាមួយប្រពន្ធខ្លួនឯង បានវេចបង្វេចទៅផ្ទះម្ដាយបង្កើត មានឈ្មោះ ឃិន សុខថេន ភេទស្រី អាយុ៤៣ឆ្នាំ។ ខណៈម្ដាយសួរនាំពីរឿងទំនាស់ជាមួយប្រពន្ធខ្លួនឯងនោះ បែរជាខឹងស្ទុះទៅយកកាំបិត និងពូថៅ កាប់បំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះរបស់ម្ដាយ។ ចំណែកឯវត្ថុតាងចាប់យកបានមានពូថៅដងឈើចំនួន១ រីឯទ្រព្យសម្បត្ដិខូចខាតមាន៖ បែកកញ្ចក់ទ្វារផ្ទះ១ផ្ទាំង បែកកញ្ចក់បង្អួច១ផ្ទាំង ធុងទឹកកកចំនួន១ បែកកញ្ចក់ និងក្បាំងម៉ូតូ១គ្រឿង។

បើតាមស្រ្តីជាម្ដាយបានឲ្យដឹងថា កន្លងមកជនសង្ស័យរូបនេះ ធ្លាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ម្ដាយខ្លួនឯង ច្រើនលើកច្រើនសារមកហើយ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ ធ្លាប់ហៅទៅអប់រំណែនាំច្រើនដងមកហើយដែរ។ លុះមកដល់វេលាម៉ោងប្រមាណ១៦រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានយកបង្វេចខោអាវពីផ្ទះប្រពន្ធ ទៅទុកនៅផ្ទះគាត់ជាម្ដាយ។ ដោយមានងឿងឆ្លល់ គាត់ក៏ធ្វើការសួរនាំពីរឿងទំនាស់ជាមួយប្រពន្ធខ្លួនឯងនោះ ភ្លាមនោះកូនគាត់ខឹង រួចនិយាយថា ម៉េចផ្ទះហ្នឹង អញនៅអត់បាន អាណាខ្លាំង អញកាប់ឲ្យខ្ទេច។ ភ្លាមនោះកូនក៍ស្ទុះទៅយកកាំបិត ខ្វែវមកកាប់ម៉ូតូរបស់គាត់ជាម្ដាយ បណ្តាលឲ្យបែកក្បាំង និងផ្នែកខាងក្រោយ រួចយកកូនពូថៅដៃ ទៅវាយបំបែកទ្វារបង្អួចផ្ទះបែកខ្ទេចអស់ថែមទៀត។

ដោយទ្រាំពុំបាននូវទង្វើរបស់កូនម្នាក់នេះ គាត់ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលព្រែកអញ្ចាញ ឲ្យមចាប់កូនអកត្តញូនេះ ដើម្បីចាត់ការតាមច្បាប់តែម្ដងទៅ ៕