ភ្នំពេញៈ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ អាជ្ញាធរខណ្ឌចំការមន បានចុះបិទការដ្ឋានសាងសង់ អគារមួយកន្លែង ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសារខ្លាចសំណង់អគារបាក់ស្រុត ដូចករណីបាក់ស្រុតអគារនៅខេត្តព្រះសីហនុ ព្រោះសង្ស័យថា អគារមួយនេះ សងគ្មានច្បាប់ទម្លាប់ និងធ្វើខុសលក្ខណៈបច្ចេកទេស។

មន្ត្រីសាលាខណ្ឌចំការមន បានឲ្យដឹងថា ការចុះបិទអគារខុសប្រក្រតីមួយនេះ បានធ្វើឡើងក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ បទបញ្ជានេះ ក៏ស្របនឹងការ ប្រកាសបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រួតពិនិត្យមើលរាល់អគារ ដែលសាងសង់ឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
អភិបាលរាជធានីភ្នំពេញ បានព្រមានថា អភិបាលខណ្ឌរូបណា ដែលបណ្តាលឲ្យមានអគារខុសលក្ខណៈបច្ចេកទេស សាងសង់ឡើងក្នុងដែនសមត្ថកិច្ចខ្លួន នឹងត្រូវទទួលរងវិន័យរដ្ឋបាល និងទទួលខុស្រូវចំពោះមុខច្បាប់។

មន្ត្រីសាលាខណ្ឌចំការមន បានឲ្យដឹងទៀតថា អាជ្ញាធរចង់ឲ្យវិស្វករ នៃការសាងសង់អគារ នៅសង្កាត់ទួលស្វាយព្រៃ១ នៅខណ្ឌចំការមនេះ ត្រូវបង្ហាញឲ្យលម្អិតថា អគារធ្វើពីដែកនេះ មានទម្របានត្រឹមត្រូវ ដែលអាចផ្ទុកអ្នកចូលទស្សនា ឬភ្ញៀវចូលអគារនេះបានដែរទេ? មន្ត្រីបានឲ្យធ្វើកោសល្យវិច្ច័យថា តើសំណង់នេះ អាចដាក់បានចំនួនកម្រិតណា ចេញដោយវិស្វករណា ឬចេញដោយវិស្វករឯករាជ្យមួយណា ដែលឲ្យអាជ្ញាធរទទួលស្គាល់បាន។

លោកបញ្ជាក់ថា «សំណង់នេះវាដូចគ្នានឹងសំណង់នៅកំពង់សោមដែរ ដែលធ្វើអំពីដែក។ ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំសុំឲ្យមានធ្វើគម្រោងឡើង ឲ្យបានច្បាស់លាស់ មានច្បាប់បង្ហាញមក។ ឥឡូវនេះខ្ញុំឃាត់សិនហើយ» ៕
