ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ពីវត្តមានរបស់ ប្អូនស្រី រ៉ុន សុភី ពីក្មេងដើររើសសំរាម ខំប្រឹងរហូតទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស និងទទួលបានការកោតសរសើរពីសំណាក់មហាជនជាច្រើន។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ MJQTV (ជីវិតខ្ញុំ) បានធ្វើការសំភាសន៍ពីជីវិតដ៏កំសត់របស់ប្អូនស្រីសុភី និងគ្រួសាររបស់នាង ពីការរស់នៅក្នុងជីវិតមួយដល់លំបាកបំផុត រហូតបានឈានមកដល់ថ្ងៃនេះ។
ការរៀបរាប់នេះផ្តើមចេញពីប្អូនស្រី រ៉ុន សុភី បានរៀបរាប់ទាំងទឹកភ្នែកថា ៖" ឲ្យតែដើរទៅគ្មាននរណាគេចង់និយាយជាមួយ ពេលចង់បង្កើតមិត្តភិក្ត ចង់ស្គាល់គេ ចង់និយាយជាមួយគេ គេថាចេញមីក្មេងរើសសំរាម ក្លិនស្អុយ ម៉ែឪវារើសអេតចាយនឹងលេងជាមួយវាធ្វើអី"។
រំលឹកទៅដល់កាលពីជាង១០ឆ្នាំមុន គ្មាននរណាម្នាក់អាចនឹកស្មានថា ក្មេងស្រីដែលមានក្លិនខ្លួនស្អុយ ស្លៀកខោមិនខោអាវមិនអាវ ហើយផ្ងើរជីវិតនៅលើទីលានចាកសំរាមរូបនេះ អាចមានសម្រស់ស្រស់ស្អាត ព្រមទាំងរៀនពូកែរហូត បានអាហារូបករណ៍ទៅសិក្សានៅឯសកលវិទ្យាល័យដ៏ល្បីមួយនៅប្រទេសអូស្រ្តាលីនោះឡើយ។
រំលឹកដល់រឿងអតីតកាល ពេលណា ទឹកភ្នែកស្រក់ចុះយុវតីរ៉ុន សុភី គឺជាអនាគតបញ្ញាវ័ន្ត មួយរូបដែលផុសចេញ គំនរសំរាមដល់ធំមួយ នាងបានរំលឹកអំពី ជីវប្រវត្តិគ្រួសារ របស់នាងយ៉ាងដូច្នេះថា ៖ យុវតីរ៉ុន សុភី បានចាប់កំណើតនៅក្នុងគ្រួសារក្រីក្រ មួយនៅក្នុងខេត្តស្វាយរៀង ដែលមានឪពុកនិងម្តាយប្រកបមុខរបរ ជាអ្នកបិតស្រាចិញ្ចឹមជ្រូក មុនពេលសុភីបានចាប់កំណើត ពោលគឺនៅអំឡុង ឆ្នាំ១៩៩៨ ឪពុករបស់សុភី បានធ្លាក់ខ្លួនឈឺធ្ងន់ បង្ខំចិត្តលក់ដីស្រែ និងដីកេរ្តិ៍ផ្ទះដើម្បីមើលជំងឺ ។
លោក រ៉ុន សារ៉ា ឪពុករបស់សុភី បានរៀបរាប់ថា កាលពីជំនាន់នោះ មិនសូវជឿលើពេទ្យទេ គេជឿលើអបិយជំនឿច្រើនជាង ពេលនោះលោកពូមិននឹកស្មានថាខ្លួនរស់នៅផង។
អ្នកស្រី កង សាម៉ី ដែលត្រូវជាម្តាយ ប្អូនស្រីរ៉ុន សុភី បានប្រាប់ថា៖ ស្វាមីរបស់ខ្លួនធ្លាប់ភ្លឹកម្តងៗហើយ ក្រោយមកក៏បានទៅហៅពេទ្យមកចាក់ថ្នាំ មើលជំងឺប្តី ពេលពេទ្យមកចាក់ថ្នាំ យើងអត់មានអីទេ ហើយក៏សម្រេចចិត្តទៅយកលុយគេ (ខ្ចីលុយគេ)ដើម្បីមើលស្វាមី បន្ទាប់មកក៏សម្រេចចិត្តលក់ដី ក្រោយមកអ្នកស្រី និងក្រុមគ្រួសារក៏សម្រេចចិត្តចេញពីស្រុកកំណើតទៅរស់នៅខេត្តកំពង់ចាម ។
អ្នកស្រីបានរៀបរាប់ទាំងទឹកភ្នែកថា នៅក្នុងខេត្តកំពង់ចាម ក្រុមគ្រួសារសុភី មានមុខរបរជាកម្មករជាជ័រកៅស៊ូ ប៉ុន្តែមុខរបរជាជ័រកៅស៊ូនោះ បានមិនកាក់កបនោះទេ ក្នុងមួយខែក្រុមគ្រួសាររបស់សុភី អាចរកប្រាក់បានប្រមាណជាង១០ម៉ឺនរៀលប៉ុណ្ណោះ ។ លុះក្រោយមក ឪពុកម្តាយសុភី ក៏បានសម្រេចមករស់នៅក្នុងទីក្រុងភ្នំពេញ ដោយពេលនោះឪពុករបស់សុភី បានឈ្លាតធ្វើជាកម្មករសំណង់ ជាកម្មករកាយលូ ព្រមទាំងរត់ស៊ីក្លូ ។ ហើយចំណែកឯម្តាយវិញ ក៏ឈ្លាតលក់ពោតស្ងោរ ថែមទៀត ។ ដោយសារមានជំងឺប្រចាំកាយ ជាប់ខ្លួន ហើយរបរទាំងនោះហាក់មិនកាក់កបផងនោះ កត្តានេះបានជំរុញឲ្យក្រុមគ្រួសារសុភី បានសម្រេចចិត្តទីផ្ងើរជីវិតលើទីលានចាក់សំរាម ស្ទឹងមានជ័យតែម្តង។
លោកស្រី កង សាម៉ី ដែលត្រូវជាម្តាយ ប្អូនស្រីរ៉ុន សុភី បានប្រាប់បន្តទៀតថា "កាលនោះកូននៅតូចៗ ១០ឆ្នាំ ១៣ឆ្នាំចុះមកក្រោម ស្រាប់តែពេលនោះប្តីប្រពន្ធកំសត់រូបនេះ ក៏បាននាំកូនមករស់នៅលើគំនរសំរាមតែម្តងទៅ ព្រោះថាកន្លែងនោះរកស៊ីអត់មានដើម ដោយគ្រាន់តែយើងទៅរើសសំបកកំប៉ុង បានមកយកមកទិញអង្ករ កន្លះគីឡូ មួយគីឡូយកមកដាំហូប ម៉ែឪគ្មានសមត្ថភាពដើម្បីកូន ពេលខ្លះត្រូវរើសបន្លែ ផ្លែឈើដែលគេយកមកចាក់ចោល យកមកហូបក៏មានដែរ។ ផ្ទះចង់តង់ភ្លៀងមក ពីនាក់ប្តីប្រពន្ធ ទាញបិត ដើម្បីឲ្យកូនបានគេង ពេលហូបបាយម្តងៗ ត្រូវចង់មុងព្រោះថាសុទ្ធតែរុយ ។
នាពេលដែលកំពុងរស់នៅលើគំនរសំរាម សុភីមានអាយុប្រហែល១០ឆ្នាំប៉ុណ្ណោះ។ សុភីហើយនឹងបងប្អូនៗផ្សេងៗទៀត បានដើររើសអេតចាយ នៅលើគំនរសំរាមដល់ស្អុយនោះ ជាមួយឪពុកម្តាយរបស់នាង ។ អ្វីដែលគួរឲ្យកោតសរសើរនោះ គឺត្បិតតែគ្រួសារមានជីវភាពក្រីក្រលំបាក បែបនេះក្តី ក៏ឪពុកម្តាយ របស់សុភី ប្រកាន់គោលការណ៍ជីវិតមួយគឺថា មិនលួចឆក់ប្លន់អ្នកដទៃ ឬដើរសុំទានគេនោះឡើយ។
លោក រ៉ុន សារ៉ា ឪពុករបស់សុភី បានប្រាប់បន្ថែមទៀតថា "មួយជីវិតនេះលោកមិនដែលបានស្គាល់ ក្តីសុខ ហើយគ្មាន គិតថាសម័យទំនើប គេថ្កុំថ្កើនគេសប្បាយ តែសម្រាប់អ្នកក្រ ដេកអោបទឹកភ្នែក។ លោកបានប្រាប់ទៀតថា មិនតូចចិត្តទេ ធ្វើម៉ិចបើយើង អញ្ចឹង ក្រទៅត្អូញប្រាប់គេថា បងប្អូនអើយខ្ញុំក្រណាស់ សុំ១០០រៀល ១០០០រៀលមក លោកគឺដាច់ខានមិនធ្វើទេ ហើយមិនទៅលួចទៅប្លន់ មិនទៅឆក់ អ្នកដទៃ យកមកហូបទេ"។
សុភីបានប្រាប់ថា" ដល់ពេលអញ្ចឹង ខ្ញុំអាណិតគាត់ខ្លាំង ពេលខ្លះគាត់ទៅរើសអេតចាយទាំងឈឺ ដើម្បីយកលុយមកចិញ្ចឹមកូនវិញ"។
រយៈពេល៤ឆ្នាំដែលក្រុមគ្រួសាររបស់សុភី បានប្រកបរបរជាអ្នករើសសំរាម និងរស់នៅលើគំនរសំរាម ស្ទឹងមានជ័យ ។ ប៉ុន្តែជាសំណាងល្អ ដែលសុភី បានជួបនឹងលោក Scott Neeson ជានាយកអង្គការមូលនិធិកុមារកម្ពុជា គ្រាដែលលោកចុះចែកអាហារ និងសួរសុខទុក្ខក្មេង នៅតំបន់គំនរសំរាមស្ទឹងមានជ័យ ពេលនោះហើយដែលបានប្រែវាសនាសុភី ដែលធ្លាប់តែដើររើស សំរាមព្រឹកល្ងាច គ្មានឪកាសរៀនសូត្រនឹងគេ ក៏បានឪកាសផ្សេងទៀតបានរៀនសូត្រ នៅក្នុងអង្កការនេះតែម្តង។
អាយុ១១ឆ្នាំទៅហើយ ទើបសុភីមានឪកាសបានរៀនក៏ពិតមែន តែយ៉ាងណា ក្រោយបានរៀនសូត្រនៅក្នុងអង្គការនេះ ទោះជីវភាពគ្រួសារនៅតែ លំបាក តែយុវតីវ័យ វ័យ២១ឆ្នាំរូបនេះ ខំជំនះរៀនសូត្រ ដល់ចប់ចុងចប់ដើម ។ ជាក់ស្តែងកាលពី២០១៨ យុវតីរូបនេះ បានទទួលអាហារូបករណ៍ពីសកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី លើជំនាញពាណិជ្ជករ ក្រោមការជ្រុំជ្រែងពីអង្គការនេះផងដែរ។
បើចង់ជ្រាបឲ្យកាន់តែច្បាស់នោះ សុមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ MJQTV